ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀនទៅលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារនៅក្នុង រដ្ឋបាលខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀនទៅលើមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត  ដែលបម្រើការងារនៅក្នុង រដ្ឋបាលខេត្តស្វាយរៀង។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ធ្វើតេស្តពិនិត្យរកសារធាតុញៀន ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត សរុបចំនួន២៧៦នាក់ ដោយចែកជាពីពេលគឺ ធ្វើតេស្តនៅពេលព្រឹក និងនៅពេលរសៀល។

ក្នុងឪកាសនោះលោក តូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត  រៀបចំធ្វើតេស្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។

លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៏ថា ការធ្វេីតេស្តរកធាតុញៀនលេីមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

លោក បានបន្តថា រាជរដ្ឋាភិបាលបានការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការរក សារធាតុញៀនទៅលើមន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ស្រុក និង មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ចំពោះ មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ។

សូមបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនេះ ធ្វើឡើងតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមន្ត្រីរាជការត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋ។ តែក្នុងករណីរកឃើញមន្ត្រីជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន នោះនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ។

រដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានសហការរៀបចំជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង។

រដ្ឋបាលខេត្ត សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តខេត្តស្វាយរៀង ដែលបានចូលរួមធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរដោយលទ្ធផលអវិជ្ជមានទាំងអស់នៅពេលព្រឹកនេះ ដោយមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ នេះជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជាយើង ៕

ដោយ៖ សុថាន


ចែករំលែក៖