ទីក្រុងវៀងចន្ទន៍៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្ទីកវៀងចន្ទន៍ (Vientiane Logistics Park) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
ជាកិច្ចចាប់ផ្តើម គណៈគ្រប់គ្រង់សួនឡូជីស្ទីកវៀងចន្ទន៍ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីកិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់ឡូជីស្ទីកនេះ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលភាគីរដ្ឋជាអ្នកផ្តល់ដីសម្បទានជូនក្រុមហ៊ុន ចំណែកក្រុមហ៊ុនជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅ។ ដោយឡែក ក្នុងកិច្ចដំណើរការរដ្ឋបាលប្រចាំថ្ងៃនៅក្នុងតំបន់ សួនឡូជីស្ទីកនេះ ក៏មានការចូលរួមផងដែរពីមន្រ្តីស្ថាប័នរដ្ឋ ដូចជាមន្រ្តីគយ ពន្ធដារ កសិកម្ម ពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ តំណាងគណៈគ្រប់គ្រង់ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា សួនឡូជីស្ទីកវៀងចន្ទន៍នេះ គឺជាចក្រទ្វារព្រំដែនអន្តរជាតិមួយ សម្រាប់ការដឹកទំនិញពីបណ្តាប្រទេសជិតខាង ដូចជាប្រទេសថៃ វៀតណាម និងចិន ហើយក៏ជាសួនសម្រាប់សម្រួលការដឹកជញ្ជូនទំនិញចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ចិន និងបន្តដឹកជញ្ជូនទៅកាន់ប្រទេស ផ្សេងៗទៀតដូចជាអ៊ឺរ៉ុប ផងដែរ។
ជាការឆ្លើយតប បន្ទាប់ពីការធ្វើបទបង្ហាញអំពីការកសាង និងអភិវឌ្ឍន៍សួនឡូជីស្ទីកវៀងចន្ទន៍ សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចអភិវឌ្ឍន៍ និងភាពជោគជ័យ ដែលសួននេះសម្រេចបាន ព្រមទាំងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការរៀបចំរចនាសម្ព័ន្ធ និងប្រតិបត្តិការទូទៅនៅក្នុងតំបន់នេះ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជាសក្តានុពលក្នុងការតភ្ជាប់កម្ពុជាទៅក្នុងតំបន់ និងសកលលោក ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យដឹកជញ្ជូន និងការតភ្ជាប់ ដើម្បីធានាបាននូវភាពគូប្រជែងរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគណៈគ្រប់គ្រងសួនឡូជីស្ទីកវៀងចន្ទន៍ក្នុងការស្វែងរកសក្តានុពល និងឱកាសវិនិយោគផ្នែកឡូជីស្ទីកនៅប្រទេសកម្ពុជា ផងដែរ៕
ដោយ៖ តារា