ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងវៀងចន្ទន៍ ប្រកបដោយជោគជ័យ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ តបតាម ការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ បន្ថែមទៀត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលបានតស៊ូជំនះឧបសគ្គរួមគ្នា សហការគាំទ្រ និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ព្រម ទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ។

ក្នុងក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធម និងកក់ក្តៅ ដោយឥស្សរជនជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ នៅអាកាសយានដ្ឋានអន្តរជាតិ Wattay មុននឹងទទួលការ ស្វាគមន៍ពី ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅ ការិយាល័យនាយករដ្ឋមន្ត្រី និងបន្តជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា រួមទាំងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។

ក្នុងជំនួបទ្វេភាគី ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់ សម្តេច នាពេលនេះ មានគោល ដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្តេចធិបតី បានប្រកាសគាំទ្ររដ្ឋាភិបាលឡាវជា ប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៤ ហើយសម្រេចផ្តល់ថវិកាចំនួន ១លានដុល្លារអាម៉េរិក សម្រាប់រៀបចំកិច្ចប្រជុំ នានា និងគាំទ្រតួនាទីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា។ សមភាគីទាំងពីរបាន សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់ កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជា ច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ កីឡា ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។ ជាមួយគ្នានេះ សមភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពី ការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ លើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។

ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅវិមានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ជាមួយ សម្តេចធិបតី និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះស្រាយលើបញ្ហាដែលនៅ សេសសល់ ជាពិសេសលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗដទៃទៀត ដើម្បីធ្វើឱ្យ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

ជាការឆ្លើយតប សម្តេចធិបតី បានជម្រាប ឯកឧត្តមប្រធានរដ្ឋ អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយ ផ្លែផ្កាជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍ កិច្ចសហប្រតិបត្តិការវិស័យកិច្ចការព្រំដែន ថាមពល និងវិស័យផ្សេងៗទៀតរួមមាន វិស័យអប់រំ ការតភ្ជាប់ ការដឹក ជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងចន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្ត ព្រះវិហារ) / សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។

ដោយឡែក សម្តេចធិបតី បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងជំនួបនោះ ឯកឧត្តម ខាំបៃ ដាំឡាត់ បានអបអរសាទរ សម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះ សមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវ នាពេលកន្លងមក​ និងលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរ ខិតខំបន្តក្នុងការបង្កើនទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរជាពិសេស ប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែន ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមនូវពាណិជ្ជកម្មទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀត។

ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានពិភាក្សាគ្នាពីសារៈ សំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរ ការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណ កម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្ម និងការជំរុញផ្នែកសេវាកម្ម ដូចជា៖ សេវាហិរញ្ញវត្ថុ សេវាដឹក ជញ្ជូនផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់ កម្ពុជា-ឡាវ សំដៅរួមចំណែក ដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីក្នុង ពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហ- ប្រតិបត្តិការចំនួន ៧ ដោយផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការក្នុងវិស័យកិច្ចការព្រំដែន និងថាមពល ជាដើម។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ! សម្តេចធិបតី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយ សិក្ខាកាម និង និស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ។ ក្នុងឱកាសនោះ សម្តេចធិបតី បានផ្តាំផ្ញើដល់សិក្ខាកាម និងនិស្សិតទាំងអស់ ខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួនដោយត្រូវសិក្សា និងចាប់យកជំនាញឱ្យបានច្បាស់លាស់ សម្រាប់អភិវឌ្ឍខ្លួនឯង និងយកទៅជួយដល់សង្គមជាតិ។ សម្តេចធិបតី ក៏គូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការ ប្រតិបត្តិឱ្យស័ក្តិសមជាកូនខ្មែរ ព្រោះម្នាក់ៗជាអគ្គរាជទូតក្នុងការផ្សព្វផ្សាយពីអ្វីៗដែលល្អពីកម្ពុជា ទៅកាន់ពិភព- លោកដោយ៖ ១- រក្សាបានក្រមសីលធម៌ ២- កសាងទំនាក់ទំនងឱ្យបានល្អប្រសើរ ពិសេសកសាងមិត្តភាព និង ៣- ខិតខំផ្សព្វផ្សាយវប្បធម៌ជាតិ។

អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនោះ សម្តេចធិបតី ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាដាក់កម្រងផ្ការំឭកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងសង្គ្រាមពីអតីត នៅវិមាន Unknown Soldier Monument, អញ្ជើញទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International Border Checkpoint (Cargo Terminal) និងសួនឡូជីស្លឹកវៀងចន្ទន៍ (VLP) ផងដែរ។

សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៣ របស់ សម្តេចធិបតី ក្នុងនាមជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ នៅប្រទេសឡាវនាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជនទាំងផ្នែកនយោបាយការទូតនិងសេដ្ឋកិច្ច។

ក៏ដូចជាទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនតែងខិតខំប្រឹងប្រែង ក្នុងការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ទាំងអស់ទាំងទំនាក់ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀត។ ជាក់ស្តែង តាមរយៈ ដំណើរទស្សនកិច្ចផ្លូវការនេះ កម្ពុជា និងឡាវ បានប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕

ដោយ​៖ តារា​


ចែករំលែក៖