ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅសុខា ៖ ជំរុញឱ្យក្រុមការងារផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋ ជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ជំរុញឲ្យក្រុមការងារផ្សព្វផ្សាយ ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋ ជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។

ការជំរុញ បែបនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ក្នុង កិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាសាលប្រជុំសាលាស្រុករមាសហែក។

លោក សៅសុខា បានបន្តថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានបន្តនិរន្តរភាពសម្រាប់នីតិកាលទី៦ ព្រមទាំង បន្តអនុវត្តសម្រាប់នីតិកាលទី៧នេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្វែងយល់អំពី តម្រូវការ បញ្ហាប្រឈម និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើឱ្យមានភាពឆ្លើយតបក្នុងយុទ្ធសាស្ត្រដឹកនាំ និងធ្វើឱ្យមានសង្គតិភាពរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកបន្ថែមថា តាមរយៈកិច្ចប្រជុំ និងការរៀបចំ មន្ត្រីជួបនិង ប្រជាជន( វេទិកាសាធារណៈ )នៅតាមបណ្តាឃុំទាំង១៦ ក្នុងស្រុករមាសហែក ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើនជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កា។

ពិសេសគឺការដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល  ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករមាសហែក មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រ ពីសំណាក់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ- អង្គភាពជំនាញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះបំពេញការងារជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក បានស្នើឲ្យទាំងក្រុមការងារថ្នាក់ជាតិ ដែលទើបប្រកាសថ្មីនាពេលនេះ រួមសហការគ្នា ដើម្បីជ្រោមជ្រែង ការងារនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សៅ សុខា ក៏បានអំពាវនាវ តាមបណ្ដារឃុំទាំង១៦ ក្នុងស្រុករមាសហែក  ត្រូវសហការគាំទ្រគ្នា ដើម្បីអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំ មន្ត្រីជួបនិងប្រជាជន ដើម្បីស្ដាប់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ដឹងឮពីការចង់បានរបស់ប្រជាពលរដ្ឋ ដូច្នេះរាល់សំណូមពរសំណើរ ត្រូវតែធ្វើការ ដោះស្រាយ ជូនពួកគាត់និងបន្តជំរុញការអនុវត្តភូមិសង្កាត់ឱ្យមានសុវត្ថិភាព៕

ដោយ៖ សុថាន


ចែករំលែក៖