ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមអញ្ជើញប្រធានាធិបតីពូ ទីន បំពេញទស្សនកិច្ចជាផ្លូវការ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញប្រធានាធិបតី
រុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ អំឡុងកិច្ចសន្ទនាមួយតាមទូរស័ព្ទកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម Vietnam News Agency បានរាយការណ៍យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ពូទីន បានទទួលយកដោយរីករាយនូវការអញ្ជើញ ហើយបានយល់ព្រមឱ្យភាគីទាំងពីរចាត់ចែងរៀបចំឱ្យមានដំណើរទស្សនកិច្ចនោះ នៅពេលវេលាសមស្របមួយ»។ កាលពីខែតុលា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក៏ធ្លាប់រាយការណ៍ផងដែរថា លោក ពូទីន បានទទួលយកការអញ្ជើញពីសំណាក់ប្រធានាធិបតីវៀតណាម ឱ្យមកបំពេញទស្សនកិច្ច ប៉ុន្តែទស្សនកិច្ចនោះមិនបានកើតឡើងឡើយ។
អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Trong បានអបអរសាទរលោក ពូទីន សម្រាប់ការបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី ហើយបានសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ប្រជាជនរុស្ស៉ី និងគ្រួសារជនរងគ្រោះ នៃសកម្មភាពវាយប្រហារភេរវកម្មដ៏កក្រើកនៅជាយទីក្រុងមូស្គូ កាលពីសប្តាហ៍មុន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីមធ្យោបាយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកសន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងទេសចរណ៍ ថែមទៀតផង។
វៀតណាមនៅបន្តជាដៃគូដ៏ជិតស្និទ្ធមួយរបស់រុស្ស៉ី ក្នុងតំបន់អាស៉ី ហើយទីក្រុងហាណូយគឺជាអតិថិជនធំមួយនៃសព្វាវុធរបស់រុស្ស៉ី។ ការអញ្ជើញឱ្យមកទស្សនកិច្ចរបស់វៀតណាម គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ពូទីន ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន កាលពីខែមីនា ឆ្នាំមុន៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN 


ចែករំលែក៖