ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សេចក្ដីបំភ្លឺព័ត៌មាន ករណីការចុះផ្សាយអត្ថបទថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះនិងនៅមានកម្រិតទាប។
ធនាគារជាតិ បានបញ្ជាក់ថា នាពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេត អនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជាមាននិន្នាការថយចុះនិងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែ បន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។ ពាក់ព័ន្ធការលើកឡើងនេះ ធនាគារជាតិនៃកម្ពុជា សូមបំភ្លឺពី វឌ្ឍនភាពនៃការទូទាត់នៅកម្ពុជា ដូចខាងក្រោម៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើង យ៉ាងឆាប់រហ័ស ដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេស ការស្កេនយ្យអរកួតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ការអភិវឌ្ឍនេះគឺអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ ទំនើបៗជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាម យ្យអរកួត ការបង្កើតស្តង់ដារយ្យអរកួត ជាដើម ដែលផ្តល់ភាពងាយស្រួលដល់ការទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស ជាពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើង ដល់ជាង ១៩ លានគ្រឿង ច្រើនជាងចំនួនប្រជាជនកម្ពុជាសរុប ដែលមានជាង ១៦ លាននាក់។
ជាក់ស្តែង ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើនឡើង ពី ១.១០០ លានប្រតិបត្តិការ ក្នុងឆ្នាំ២០២២ មកដល់ ១.៧៨៦ លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣ ហើយ ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិកបានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលស្មើនឹង ប្រមាណ ១៦ ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធ បាគងបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយមានអតិថិជនបើកគណនីសរុប ២៧,៦ លានគណន ហើយ អាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩ លានទីតាំង គិតត្រឹមចុងឆ្នាំ២០២៣។
លើសពីនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងលើកកម្ពស់ការទូទាត់តាមឌីជីថលយ៉ាងសកម្ម តាមរយៈគំនិតផ្តួចផ្តើម និងការសហការផ្សេងៗជាមួយស្ថាប័នហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងបណ្តាប្រទេស ក្នុងតំបន់និងពិភពលោក។ ជាមួយនឹងការអនុវត្តគោលនយោបាយទាំងនេះ ការទូទាត់ឌីជីថលនៅ ក្រៅប្រទេសក៏បានកើនឡើងផងដែរ ដូចជា ថៃ វៀតណាម និងឡាវ ជាដើម ដែលប្រជាជនកម្ពុជាអាច ទូទាត់នៅហាងទំនិញនៅប្រទេសទាំងនេះ ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួន។ ទន្ទឹមនេះ ភ្ញៀវអន្តរជាតិ ក៏បាននិងកំពុងប្រើប្រាស់ការទូទាត់ឌីជីថលច្រើនជាងមុនផងដែរ តាមរយៈយ្យអរកួត ដោយសារកិច្ចខិតខំ ទូទាត់ជាមួយប្រទេសក្នុងតំបន់កាន់តែច្រើនឡើងជាលំដាប់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖
ដោយ៖ តារា