ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖  ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៅគេហដ្ឋានសព ស្ថិតនៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន ដែលជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ ហើយក៏ជាការបាត់បង់ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ បានរួមចំណែករំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន បានទទួលមរណភាពនៅវេលាម៉ោង ១១:០០ នាទី ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ៕

ដោយ ៖ សិលា


ចែករំលែក៖