ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ករណីជនជាតិចិនបើកបរក្នុងល្បឿនលឿនបុករះចូលផ្ទះអ្នកស្រុក

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់បើកបររថយន្តស៊េរីទំនើបក្នុងល្បឿនលឿនបានបុករះឡំប្រឺតាហើយបុកចូលផ្ទះអ្នកស្រុកធ្វើឱ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ស្រាលនៅវេលាម៉ោង០០និង៥០នាទីឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ត្រង់ចំណុចខាងលិចយានដ្ឋានជួសជុលរថយន្តឆាន់គឹមសេង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត។

  នគរបាលជំនាញប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា KIM-HY88 បើកបរដោយជនជាតិចិនពីកើតទៅលិច ក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AK-5259 បើកបរដោយឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត  ហើយរថយន្តបានជ្រុលទៅ

បុកផ្ទះប្រជាពលរដ្ឋនៅខាងជើងផ្លូវ បណ្តាលអោយម្ចាស់ផ្ទះឈ្មោះ  ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតដែលកំពុងដេកនៅក្នុងផ្ទះបណ្តាលអោយគ្រោះថ្នាក់តែម្តង។

    ប្រភពពីនគរបាលបន្តថា ជនរងគ្រោះរួមមាន៖

១-ឈ្មោះ ខៃ ភារៈ ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១,សង្កាត់អូរជ្រៅ,ក្រុងប៉ោយប៉ែត  (ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នករត់ឡំប្រឺតា។

២-ឈ្មោះ  ហេង សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិបាលិលេយ្យ២,សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត(រងរបួស)ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

៣-អ្នកបើកបររថយន្ត (ក្តាប់ឈ្មោះពុំទាន់បាន)ជាជនជាតិចិន រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានកម្លាំងនៅយាមកាម។

   ដោយឡែករថយន្ត (ខូចខាតធ្ងន់)រីឯឡំប្រឺតាក៏ខូចខាតធ្ងន់ដែរ។ យានទាំងពីរសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។        

ប្រភពបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងប៉ោយប៉ែតគេមើលឃើញថាមានការកើនឡើង ព្រោះកត្តាបើកបរមិនគោរពច្បាប់ចរាចរណ៍ ធ្វើដំណើរឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ម្យ៉ាងគ្រោះថ្នាក់មួយភាគបង្កដោយជនបរទេសនិងកុមារមិនគ្រប់អាយុជាដើម៕

ដោយ ៖ វណ្ណា


ចែករំលែក៖