ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តមួយគ្រឿងដោយមានអ្នករួមដំណើរជានារី៣នាក់ទៀតយ៉ាងលឿនបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Mitsubishi (ចង្កូតស្តាំ) ពណ៌សពាក់ស្លាកលេខ PP-3033 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយនារី៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាមកពីរថយន្ត រឺអ្នកបើកបរនោះទេ ក៏បាន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បាក់មួយកង់ បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ចំណែករថយន្តបង្កវិញ ខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ