ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ប្រាប់ថាសមត្ថកិច្ចកំពុងតែស្វែងរកឃាតក ក្នុងករណីបាញ់ប្រហារប្លន់យកទ្រព្យសម្បត្តិដោយកាំភ្លើង បាញ់សម្លាប់បុរសម្នាក់នៅវេលាម៉ោង ១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ ៩-១០ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ ឌី សៀង ហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក បានបន្តថា មុនពេលកើតហេតុនោះនៅយប់វេលាម៉ោងប្រហែល១០ ប្រជាពលរដ្ឋបាន បានឮសំឡេងផ្ទុះអាវុធចំនួន ១គ្រាប់ នៅចំណុចចន្លោះគីឡូម៉ែត្រ លេខ៩-១០ ភូមិទួលប្រាសាទ ពេលនោះប្រជាពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទុះស្រាប់តែឃើញ ជនរងគ្រោះឈ្មោះ ឌី សៀង ហៃ ដេកដួលនៅដីរបួសធ្ងន់ ដោយឃើញសភាពជនរងគ្រោះមិនស្រួលក៏បាននាំគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យប៉ោយប៉ែត ដើម្បីសង្គ្រោះបន្ទាន់អនិច្ចារជនរងគ្រោះគ្រាប់កាំភ្លើងបាញ់ចំកន្លែងសំខាន់មិនអាចជួយសង្គ្រោះបានក៏ស្លាប់បាត់បង់ជីវិតទៅ។
លោក បញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋហើយដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុឃើញតែជនរងគ្រោះចំណែក ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។តាមការសាកសួរបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ បានប្រាប់សមត្ថកិច្ចឲ្យដឹងថាខ្លួនជាអ្នកជួយលើកជនរងគ្រោះដាក់រថយន្ត ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ពោះលើផ្សិតពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតជនរងគ្រោះបានស្លាប់។ ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចពិនិត្យ និងធ្វើការស្រាវជ្រាវបានធ្វើការសន្និដ្ឋានថាករណីខាងលើនេះជាករណីប្លន់យកទ្រព្យសម្បត្តិ ដោយជនសង្ស័យបានយកលុយចំនួន ៣០ម៉ឺនរៀលហើយគេចខ្លួនបាត់។សមត្ថកិច្ចកំពុងស្វែងរកឃាតកសម្លាប់មនុស្សដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា