ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់ នៃរោងចក្រស្បែកជើង អ. អ.ជី ហ៊ូតវែរ (ខេមបូឌា) ឯ.ក 1. (R.G Footwear (Cambodia) CO., LTD.) ជ្រាបថា គិតត្រឹមវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ មានបងប្អូនកម្មករនិយោជិត សរុបចំនួន ២ ១៩៥នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួនរួចហើយ នៅសល់តែកម្មករនិយោជិត ចំនួន ១៩នាក់ទៀតប៉ុណ្ណោះពុំទាន់មកបើក។ ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នឹងបន្តបើកផ្តល់ ចាប់ពីថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ សូមរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា ដោយយកឯកសារពាក់ព័ន្ធមកជាមួយ៖
១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖ លោក ឡាយ សុធារិទ្ធ ០៩៣ ៨៨៧ ៧៧៨
លោក ទូច សុទ្ធមុត ០១៧ ៨០៧ ៩០៧ ជាថ្មីម្តងទៀត ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រដែលបានខិតខំស្វែង រកថវិកាមកបើកជូនបងប្អូនកម្មករនិយោជិត និងសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល រដ្ឋបាល ស្រុកអង្គស្នួល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានសហការចូលរួមសម្របសម្រួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត។
ជាមួយគ្នានេះ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ច សហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលមានការងារថ្មីរួចហើយឱ្យទទួលបានការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨ ឬ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬទាក់ទងមក Hotline ១២៩៧ ឬ ១២៨៦ ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា