ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ អញ្ជើញជាអធិបតី ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការ និងសម្ពោធឆ្លងសមិទ្ធផលនានា ស្ថិតក្នុងវត្តបានយ ស្រុកព្រៃកប្បាស ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖  លោក ហ៊ុយ​ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការ និងសម្ពោធឆ្លងសមិទ្ធផលនានា ស្ថិតក្នុងវត្តបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ម្សិលមុិញ។ 

ពិធីនេះ មានវត្តមានចូលរួមពីសំណាក់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្កាញ់ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យាយជីតាជី និងប្រជាពលរដ្ឋប្រមាណ ៦០០នាក់។ 

លោក ហ៊ុយ​ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងរំឭកអំពីប្រវត្តិដែលឯកឧត្តមធ្លាប់សិក្សា និងសំណាក់នៅវត្តបាណយ និងវត្តក្នុងស្រុកព្រៃកប្បាស មុននឹងបន្តទៅស្នាក់នៅវត្តក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តម។ 

លោករដ្ឋលេខាធិការ ថ្លែងអំពីក្តីសប្បាយរីករាយ ដែលបានឃើញព្រះសង្ឃ គណៈកម្មាការវត្តបានយ និងពុទ្ធិបរិសទ្ធ រួមគ្នាប្រតិបត្តិ ទ្រទ្រង់ និងទំនុកបំរុងវិស័យពុទ្ធសាសនា ដែលធ្វើឱ្យសមិទ្ធផលកើតឡើងជាបន្តបន្ទាប់ក្នុង វត្តបានយ ហើយឯកឧត្តម ក៏បានអំពាវនាវឱ្យរួបរួមគ្នាថែរក្សា និងអភិរក្សសមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងន័យនេះ លោក បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ពុទ្ធសាសនាក្នុងការអប់រំមនុស្សក្នុងសង្គម ឱ្យប្រព្រឹត្តអំពើល្អ និងគោរពច្បាប់ នាំឱ្យប្រទេសជាតិមានការរីកចម្រើន។

ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ក៏បានបញ្ជាក់អំពីតម្លៃនៃសន្តិភាព ដែលធ្វើឱ្យសង្គមជាតិស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយនីរន្តរភាព។

គួរបញ្ជាក់ថា ៖ វត្តបានយ មានអាយុកាល ១៨៣ឆ្នាំហើយ ដោយត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទ អង្គឌួង ក្នុងឆ្នាំ១៨៤១។ ព្រះភិក្ខុវិរិយបណ្ឌិតោ ចាន់ បូរី គឺជាព្រះចៅអធិការទី១៧ នៃវត្តបានយ នេះ៕ 

ប្រភព ៖ (ស.ស.ស.ក)


ចែករំលែក៖