ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ដឹកនាំដោយ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានចុះពិនិត្យការផ្តល់សេវាសុខភាពភ្នែកដើម្បីពង្រឹងការផ្តល់សេវានៅតាមមណ្ឌលថែទាំភ្នែក និងអគារចក្ខុរោគតាមមន្ទីរពេទ្យនៅបណ្តាខេត្តមួយចំនួនដូចខាងក្រោម៖
• មណ្ឌលថែទាំភ្នែកនៃមន្ទីរពេទ្យបង្អែកជើងព្រៃ ខេត្តកំពង់ចាម
• មណ្ឌលថែទាំភ្នែកបារាណ៍សន្ទុក ខេត្តកំពង់ធំ
• មណ្ឌលថែទាំភ្នែកសូទ្រនិគម ខេត្តសៀមរាប
• មន្ទីរពេទ្យភ្នែកតំបន់សៀមរាប
• មណ្ឌលថែទាំភ្នែកក្រឡាញ់នៃមន្ទីរពេទ្យបង្អែកក្រឡាញ់
• អាគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
• មណ្ឌលថែទាំភ្នែកបាកាន និងមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់
• មណ្ឌលថែទាំភ្នែកក្រគរនៃមន្ទីរពេទ្យភ្នែកបង្អែកក្រគរ ខេត្តពោធិ៍សាត់។
លោកសាស្រ្តាចារ្យ បានផ្តល់ការណែនាំបន្ថែមដូចខាងក្រោម៖
• រៀបចំតុបតែងបន្ទប់ធ្វើយ៉ាងណាឱ្យទាក់ទាញ សមរម្យជាកន្លែងផ្តល់សេវាពិនិត្យនិងវាស់កាត់វ៉ែនតា
• ធ្វើការផ្សព្វផ្សាយបន្ថែមតាមរយៈការពិនិត្យនិងផ្តល់វ៉ែនតាដល់បុគ្គលិកមន្ទីរពេទ្យ តម្លើងផ្លាកសញ្ញាមុខមន្ទីរថែទាំភ្នែក
• អ្នកជំងឺដែលមានអាយុចាប់ពី៤០ឆ្នាំឡើងដែលបានមកពិនិត្យសុខភាព នឹងត្រូវបានណែនាំឱ្យមកពិនិត្យភ្នែក
• កម្មវិធីជាតិសុខភាពភ្នែកនឹងផ្តល់វ៉ែនតាចំនួនសមស្របតាមសកម្មភាពជាក់ស្តែង
• បណ្តុះបណ្តាលបង្កើនសមត្ថភាពពិនិត្យនិងធ្វើរោគវិនិច្ឆ័យជំងឺភ្នែក និងការប្រើប្រាស់សម្ភារបំពាក់ថ្មីៗ ៕
ដោយ ៖ សិលា