ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់”

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់” ។ 

ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿ សាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម៕

ដោយ​៖ តារា​


ចែករំលែក៖