ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់នាថ្ងៃត្រង់ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ តាមបណ្តាញសង្គម(តេឡេក្រាម)ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរទេះភ្លើង និងរថយន្តក្រុងដឹកអ្នកដំណើរ កាលពីកណ្តាលថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ឆ្ពោះទៅតំបន់រមណីយដ្ឋានទឹកធ្លាក់(ច្រកល្អៀង)ត្រង់ចំណុចឆ្លងកាត់ផ្លូវដែក(រថភ្លើង)ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបណ្ដាលឱ្យមានមនុស្សរងរបួសស្រាលធ្ងន់ចំនួនច្រើននាកនោះ មកដល់ម៉ោងនេះ សមត្ថកិច្ចរកឃើញអ្នករងរបួសធ្ងន់ស្រាលពិតប្រាកដមានចំនួនត្រឹមតែ១៨នាក់ប៉ុណ្ណោះ ហើយក៍បានធូរស្រាលជាបណ្ដើរៗខ្លះៗដែរហើយ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងឱ្យដឹងទៀតថា មូលហេតុ រថយន្តក្រុងដឹកអ្នកដំណើរដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺធ្វើដំណើរមកពីខេត្តកោះកុង មកចូលរួមកម្មវិធីសាច់ញាតិនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានចេញដំណើរបន្តក្នុងគោលបំណងនាំគ្នាទៅលេងតំបន់ទេសចរណ៍(ទឹកធ្លាក់ច្រកល្អៀង)ទើបបណ្ដាលឱ្យជួបហេតុការណ៍បែបនេះ ហើយអាចបណ្ដាលមកពីអ្នកបើកបរមានការធ្វេសប្រហែស គាត់ក៍ពុំសូវស្គាល់ផ្លូវផងទៀត។ ម្យ៉ាងទៀតអាចបណ្ដាលមកពីមានការរំខានដោយសំឡេងពីសំណាក់អ្នកជិះក្នុងរថយន្ត ខណៈទើបចេញពីចូលរួមកម្មវិធីធ្វើឱ្យតៃកុងស្ដាប់ស៊ីប្លេរថភ្លើងមិនឮ ពិសេសទៀតនោះផ្លូវរថភ្លើងជាផ្លូវអាទ្ធិភាព ។
លោកបញ្ជាក់ទៀតថា រថភ្លើងគឺ ដឹកទំនិញ តៃកុងរបួសធ្ងន់១នាក់ដែរ(បាក់ជើង) បច្ចុប្បន្ន ជនរងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយមានការយកចិត្តទុកដាក់ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ជាពិសេសក្រុមគ្រូពេទ្យធ្វើឲ្យអ្នកជំងឺមានសភាពធូរស្រាលច្រើន ។
លោកបញ្ជាក់បន្ថែមទៀតថា ករណីខាងលើនេះស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ចនៅឡើយ ៕
ដោយ៖ ប៉ឹម ពិន