ខេត្តឧត្តរមានជ័យ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសទី៣ យោធភូមិភាគទី៤ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការជួរមុខទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូននាយទាហាន នាយ ទាហានរង និងពលទាហានទាំងអស់ ដែលសម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសជួរមុខនៃមាតុភូមិ ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស។ ក្នុងឱកាសនោះ នាយឧត្តម សេនីយ៍ បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាននិង ពលទាហាន នៅទិសទី៣ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕
ដោយ៖ សុថាន