ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពស់ខ្ពស់!
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តគោរពជូន សម្តេច វិបុលសេនាភក្តី ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ នាយករដ្ឋមន្ត្រី។
ការទទួលបាននូវការត្រាស់បង្គាប់តែងតាំងនេះ គឺជាសាក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នូវទេព្យកោសល្យ និងសមត្ថភាពការងារនាពេលកន្លងមករបស់ សម្តេចវិបុលសេនាភក្តី ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានក្នុងបេសកកម្ម បម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស បានរួមចំណែកដឹកនាំប្រជាជាតិកម្ពុជា ក្នុងការកសាង នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងបុព្វហេតុជាតិ សាសនា ព្រះ មហាក្សត្រ។
ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនៈ ត្រ័យកែវទាំងបី ទេវតារក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ៕
ដោយ ៖ សិលា