ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលដៅរបស់យើងត្រូវខិតខំជំរុញកសាងពង្រឹងស្នាដៃ នៅមូលដ្ឋាន ដើម្បីឱ្យផលបានទៅដល់សង្គមជាតិខ្មែរទាំងមូល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ប្រទេសកម្ពុជាចង់បានភាពម្ចាស់ការលើខ្លួនឯង នៅក្នុងការផលិត មានផលិតផលជាច្រើនបានផលិតដោយស្នាដៃរបស់កូនខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចធិបតី បានថ្លែងបន្តថា ៖ នៅក្នុងខេត្តពោធិ៍សាត់ ក៏បានដាក់ទិសដៅជាច្រើន ក្នុងការផលិតគំនូរ សំណង់ ផ្សេងៗ ទៅតាមតម្រូវការរបស់កូនចៅអ្នកពោធិ៍សាត់ ចាប់ពីបច្ចុប្បន្ន បន្តទៅអនាគត។ នេះគឺជាអ្វីដែលយើងខិតខំធ្វើ ដើម្បីពង្រឹងសមិទ្ធផល ហើយថ្ងៃនេះមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមច្រើន នេះជាធនធានត្រូវបណ្តុះបណ្តាលនៅទីនេះ និងក៏បានចែកធនធានទៅក្នុងថ្នាក់ដឹកនាំ មានគ្រប់វិស័យ រួមមាន កងកម្លាំងប្រដាប់អាវុធ និងជួររាជរដ្ឋាភិបាល អង្គការនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិក្នុងសភា និងគ្រប់ស្ថាប័ន រួមទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល។ 

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា អ្នកខេត្តពោធិ៍សាត់ ក៏មានសមត្ថភាព ចូលរួមកសាងអភិវឌ្ឍ មិនត្រឹមតែនៅក្នុងខេត្តទេ គឺបានពង្រាយនៅទូរទាំងប្រទេស ចូលរួមដើម្បីកសាងនូវសមិទ្ធិផល និងសមិទ្ធកម្មផ្សេងៗទៀត សម្រាប់ជាតិខ្មែរយើងទាំងមូលតែម្តង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានព្រមានខ្លាំងៗ រហូតឈានដល់ការដកហូតតំណែងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសកម្មភាពទន្ទ្រានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមមូលដ្ឋាននានា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ទៅលើអ្នកបំពាន សូមឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឲ្យមានការពាក់ព័ន្ធទៅលើកិច្ចការងារនេះ ព្រោះត្រូវប្រឈមជាមួយវិធានការអនុវត្តច្បាប់ ហើយអាចឈានទៅដល់ការបញ្ចប់តួនាទី ឬការដកក្របខ័ណ្ឌចេញ ប្រសិនមានការប្រព្រឹត្តធ្ងន់ធ្ងរដោយមិនលើកលែង។ សូមរួមគ្នាថែរក្សា និងអនុវត្តច្បាប់យ៉ាងបានម៉ឺងម៉ា ត់ចំពោះអ្នកប្រព្រឹត្តខុសអត់លើកលែងទេ»៕ 

ដោយ ៖ សិលា


ចែករំលែក៖