ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតកម្ពុជានិងថៃប្រាប់ប្រមុខការទូតចិនពីបំណងប្រាថ្នាបន្ធូរបន្ថយភាពតានតឹង និង ឈានទៅរកបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី ១៨ ធ្នូនេះ បានបង្ហាញពីបំណងប្រាថ្នាចង់បន្ធូរបន្ថយស្ថានការណ៍ និង សម្រេចបានបទឈប់បាញ់។ក្តីបំណងនេះ ធ្វើឡើងក្នុងពេលប្រមុខការទូតទាំងពីរជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

យោងតាមស៊ីនហួរ លោក វ៉ាង យី បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយ លោក ប្រាក់ សុខុន និង លោក Sihasak Phuangketkeow ។ភាគីទាំងពីរបានជម្រាបជូន លោក វ៉ាង យី អំពីការវិវឌ្ឍថ្មីៗបំផុតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និង សុទ្ធតែបានបង្ហាញពីបំណងប្រាថ្នាចង់បន្ធូរបន្ថយភាពតានតឹង និង ឈានទៅរកបទឈប់បាញ់។

បើតាមស៊ីនហួរ ក្នុងកិច្ចសន្ទនានោះ លោក វ៉ាង យី បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្តភ័ក្តិ និង ជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនមិនចង់ឃើញប្រទេសទាំងពីរមានជម្លោះប្រដាប់អាវុធនោះទេ ហើយមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះជនស៊ីវិលដែលបានស្លាប់ និង របួសដោយសារជម្លោះ។

លោក វ៉ាង យី បានមើលឃើញថា ជម្លោះលើកនេះធ្ងន់ធ្ងរជាងជម្លោះមុនៗឆ្ងាយណាស់ ហើយបើនៅបន្តទៀត វានឹងបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ប្រទេសទាំងពីរ ថែមទាំងធ្វើឱ្យខូចដល់ការឯកភាពអាស៊ានថែមទៀតផង។ ភារកិច្ចបន្ទាន់ គឺត្រូវធ្វើការសម្រេចចិត្ត បញ្ឈប់ការបាញ់ប្រហារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការខូចខាត និង កសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។សម្រាប់លោកលោក វ៉ាង យីចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការលើកកម្ពស់ការចរចាសន្តិភាព និង ភាពយុត្តិធម៌នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និង គាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។

ជាមួយគ្នានោះ លោក វ៉ាង យី អះអាងថា ចិននឹងបន្តដើរតួជាស្ពាន ដោយដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់សន្តិភាព និងការកសាងឡើងវិញនៅក្នុងប្រទេសកម្ពុជា និងថៃ និង សង្ឃឹមថា ប្រទេសទាំងពីរនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពនៃគម្រោងក្រុមហ៊ុនចិន និង បុគ្គលិកជនជាតិចិន ត្រូវប្រុងប្រយ័ត្ន ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និង ប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ក៏បានផ្សព្វផ្សាយពីបំណងរបស់ប្រមុខការទូតកម្ពុជា និង ថៃ ដោយបាន សរសើរយ៉ាងខ្លាំងចំពោះជំហរគោលបំណង និង មិនលំអៀងរបស់ប្រទេសចិន និង តួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់ការចរចាសន្តិភាព។ កម្ពុជានិង ថៃ បានស្វាគមន៍ការសម្របសម្រួលតាមយន្តការរបស់បេសកជនពិសេសចិន ហើយទន្ទឹងរង់ចាំប្រទេសចិនដើរតួនាទីកាន់តែសំខាន់ក្នុងការបន្ធូរបន្ថយស្ថានការណ៍ និង កសាងសន្តិភាពឡើងវិញ៕

ប្រភព៖ (សុីសុីថែមស៍)


ចែករំលែក៖