ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោយសារគូដណ្តឹងសុំបែកគ្នាចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិនៅក្រុងបាវិត។
យោងតាម សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ហេង វិច្ឆិកា(ហៅហៃ) ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដីភូមិចាស់ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា វេលាម៉ោង៧និង១០នាទី សមត្ថកិច្ងបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចយើងថា:នៅផ្ទះ(ដីភូមិចាស់)របស់ឈ្មោះ ភោគ សាមុត ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សស្លាប់ដោយសារធ្វើអត្តឃាតចងក។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើរួចមកលោកអធិការនគរបាលក្រុងបាវិតបានចាត់តាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ និងលោកវេជ្ជបណ្ឌិត អំ សំអាត សមាជិកគណ:កម្មាការកោសលវិច័យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា បានចុះធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព។
លទ្ធផលនៃការពិនិត្យសាកសព៖សាកសពស្លាកស្នាមនៅលើខ្លួនប្រាណសាកសពផ្នែកក្បាល៖មានទឹកពណ៌ផ្កាឈូកហូរចេញតាមច្រមុះ ដោយយកខ្សែរគោពណ៌សលាយក្រហមចងជាប់រនងផ្ទះមានកំពស់៣ម៉ែត្រ ពីដីពិតប្រាកដមែនខណៈមិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។សមត្ថកិច្ចបានបញ្ជាក់មូលហេតុថា ដោយសារបុរសខាងលើមានវិបត្តិផ្លូវចិត្តដោយសារគូដណ្តឹងសុំបែកគ្នាទើបដាច់ចិត្តគិតខ្លីបែបនេះ។
បច្ចុប្បន្ន សាកសព ក្រោយពីបានធ្វើកំណត់ហេតុរួចសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
ដោយ៖ សុថាន