ភ្នំពេញ៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសោមនស្សរីករាយក្រៃលែង សូមផ្ញើ សារអបអរសាទរពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលកំពុងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នាពេលនេះ ។
បងប្អូនជនរួមជាតិជាទីស្នេហា! រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីទី១ ក្នុងប្រវត្តិ សាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ ។
ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៧ ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋា ភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកប ដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយ ផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និង សុខុមាលភាព ប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរ សប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ។
នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដ៏ស្មោះចំពោះសម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលជាស្ត្រីឆ្នើម មានស្មារតីមោះមុត បញ្ញាភ្លឺថ្លា ដឹកនាំស្ថាប័ន រដ្ឋសភាក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារជាតំណាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ ឧត្តមប្រយោជន៍ជាតិជាធំ។ ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ។
ខ្ញុំព្រះករុណា ខ្ញុំសូមស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ប្តេជ្ញាប្រមូលផ្តុំកម្លាំង ជាធ្លុងមួយ ប្រឹងប្រែងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់ថែមទៀត ជូនជាតិមាតុភូមិដ៏បវរនៃយើង ដោយឈរលើមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំព្រះករុណា ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រនិងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមបីបាច់ថែរក្សា សម្តេចព្រះ- មហាសង្ឃរាជទាំងពីគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា និងជនរួមជាតិទាំងអស់ សូមបានសមប្រកបដោយ ព្រះពុទ្ធពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
នៅទីបញ្ចប់នេះ ខ្ញុំព្រះករុណា ខ្ញុំសូមប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានប្រកបដោយផ្លែផ្កានិងជោគជ័យ យ៉ាងត្រចះត្រចង់៕
ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖