ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតដ៏ខ្ពង់ខ្ពសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ថ្លៃងក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១

សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជនរួមជាតិជាទីមេត្រី!

ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ដែលបានផ្ញើសារ

ចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១ – ដែលគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានសហការគ្នារៀបចំទិវាជាតិ ៩មេសា លើកទី៧ ឆ្នាំ២០២៤នេះឡើង។

ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ដោយបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ស្ថិតក្នុងសោកនាដកម្មនៃសង្គ្រាម និងការរួមរឹតដោយភាពក្រីក្រ បានក្លាយ ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង មានបេះដូងមនុស្សធម៌ មានកេរ្តិ៍ឈ្មោះល្អកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសការសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើត ការងារ ការកាត់បន្ថយភាពក្រីក្រ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំង ការរក្សាបានសុខសន្តិភាព សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយ។

សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ច ទំនើបពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ទោះជាយ៉ាងណាក្តី វឌ្ឍនភាព ទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។ ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បីតម្រង់ឆ្ពោះទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យប្រកបដោយ វិបុលភាពនិងស៊ីវិល័យ ជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់ ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវតែដាក់ចេញនិង អនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឱ្យស្របតាមចលនានៃ បដិវត្តឧស្សាហកម្ម៤.០ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម។

ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងក្រោម ការដឹកនាំរបស់រូបខ្ញុំផ្ទាល់ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ : កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញ ឱ្យការផលិតវត្ថុធាតុដើម ការដាំដុះនិងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេសរក្សាបរិស្ថានល្អ មានគុណភាពល្អ ថ្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុងនិងក្រៅប្រទេស សម្រេចបាន នូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។ ចលនានេះ នៅតែមានតួនាទីសំខាន់ និងកាន់តែមានលក្ខណៈសមស្របក្នុងរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ចកម្ពុជា ព្រោះថាទស្សនាទាននេះ បានកើតឡើងនៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយ ប្រជាជនខ្មែរជាប្រជាជាតិមួយធ្លាប់មានប្រពៃណី ចំណេះ ជំនាញក្នុងការប្រកបរបរកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ហើយកែច្នៃផលិតផលទាំងនោះបានយ៉ាងច្រើនទៅតាមទីកន្លែងផ្សេងៗគ្នា។

ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ មានលក្ខណៈបើកទូលាយ ដោយបានដាក់ចេញជា គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។ ជាក់ស្តែង ចលនានេះបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ និងពាណិជ្ជករឬសេវាករ ជាជាងការ ប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ហើយខិតខំធ្វើយ៉ាងណា ប្រើប្រាស់សក្តានុពលដែលមានតាមភូមិឋាន ឬអាចរកបាន ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាលនៃ ខ្សែច្រវាក់ផលិតកម្ម ទាំងផលិតផលដែលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌តាមបែបបុរាណនិងតាមបែបទំនើប ឱ្យមាន លក្ខណៈកាន់តែល្អប្រសើរ កាន់តែពិសេស និងកាន់តែល្អផ្តាច់ បំពេញឱ្យគ្នាទៅវិញទៅមក ដែលមានឧត្តមប្រយោជន៍ ប្រៀបធៀបខ្ពស់ក្នុងការដណ្តើមឈ្នះទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ ស្លាកសញ្ញាសម្គាល់លើផលិតផលជា – ផលិតផលភូមិ១ផលិតផល១ – ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅ ទូទាំង២៥រាជធានី ខេត្ត។ ឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយនិងផុលផុស រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ។ កន្លងមក គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំទិវាជាតិនេះចំនួន៦លើករួចមកហើយ។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ ផលិតនិង ផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

រាជរដ្ឋាភិបាលសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្តទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក ក្នុងការជំរុញលើក កម្ពស់ផលិតផលខ្មែរគ្រប់ប្រភេទ តាមទស្សនាទានភូមិ១ផលិតផល១ បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវ ជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន តាមរយៈការដាក់ចេញនូវសកម្មភាពគន្លឹះ ដូចជាការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ច អំណោយផល និងការធ្វើបរិវត្តកម្មសំខាន់ៗលើគ្រប់វិស័យ។

ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។

ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាពឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍ ផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។

ទី៣-គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈ កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពល នានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបាន ទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួង ពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមាន

សក្តានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនជន រួមជាតិទាំងអស់ សូមទទួលបាននូវពុទ្ធពរនិងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖