ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលា «តម្រង់ទិសលើការងារព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា -តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតី ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពី២៥ រាជធានី ខេត្ត សរុបចំនួនប្រមាណជា២៧០នាក់។

ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានមានប្រសាសន៍ ដោយផ្តោតលើទំនាក់ទំនងរវាងសាធារណមតិ និងការតាមដានព័ត៌មានទូទៅក៏ដូចជា ផ្សព្វផ្សាយសមិទ្ធផលការងារ ដែលទាមទារឱ្យបន្តអនុវត្តតាមរបៀបភ្លៀងរលឹម និងប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រម “បុរេសកម្ម” ឱ្យបានច្រើនជាង “ប្រតិកម្ម”។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលេចផងដែរ នូវសារៈសំខាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីព័ត៌មាន និងសាធារណមតិ ដើម្បីបន្តបម្រើប្រយោជន៍ សាធារណៈ និងរក្សាបាននូវទំនុកចិត្តរបស់ប្រជាជនកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងភាពចាំបាច់ក្នុងការបង្កើតឱ្យមានយន្តការអចិន្ត្រៃយ៍សម្រាប់ការងារ ព័ត៌មាន និងសាធារណៈមតិ ដោយអនុវត្តវិធីសាស្ត្រ បញ្ជ្រៀប បន្សាប និងត្រូវចាត់ទុកការងារព័ត៌មាន និង សាធារណមតិជាការងារស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងារក្នុងទម្រង់ជីវភាពតអង្គរាជរដ្ឋាភិបាលតែមួយ ដោយប្រើប្រាស់ភាសា និងសម្លេងតែមួយ ដើម្បីសម្រេចគោលដៅរួមគ្នា។

សិក្ខាសាលាបានផ្តល់ឱកាសដល់គណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរព័ត៌មាន ជាពិសេសក្រុម ការងារព័ត៌មាន និងសាធារណមតិ ទាំង២៥រាជធានី-ខេត្ត និងសិក្ខាកាមទាំងអស់ ឱ្យទទួលបានការតម្រង់ទិស ជាមួយនឹងការអត្ថាធិប្បាយប្រកបដោយខ្លឹមសារស៊ីជម្រៅស្តីពីការអនុវត្តការងារ តាមរយៈបទបង្ហាញដ៏ក្បោះក្បាយ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានផ្តោតលើចំណុចស្នូលមួយចំនួន រួមមាន៖ សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ការតាមដាន វិភាគ និងវាយតម្លៃព័ត៌មាន ដើម្បីឆ្លើយ តបតាមអភិក្រមបុរេសកម្ម ការរៀបចំបញ្ជីប្រធានបទវិជ្ជមានសម្រាប់ជំរុញការងារផ្សព្វផ្សាយ និងវិធីសាស្ត្រក្នុង ការបំពេញការងារ រាប់បញ្ចូលទាំងការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មាន។

នាឱកាសនេះដែរ ក្រៅពីទទួលបានការតម្រង់ទិស និងការផ្តល់ជាបរិបទកម្រិតយុទ្ធសាស្រ្តការងារដែល ជាមូលដ្ឋានសំខាន់មុនការអនុវត្តជាក់ស្តែងប្រចាំថ្ងៃ និងធានាប្រសិទ្ធភាពការងារបានមួយកម្រិត កុំព្យូទ័រប្រភេទ Desktop ចំនួន៥០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងម៉ាស៊ីនព្រីន និងស្កេនចំនួន ២៥គ្រឿង ដែលជាអំណោយ របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានប្រគល់ជូនក្រុម ការងារព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ផងដែរ។

សិក្ខាសាលាបានបិទបញ្ចប់ ដោយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗបន្ថែម ទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស ក្នុងការងារព័ត៌មាន និងសាធារណមតិសម្រាប់ជាទុនសម្រាប់ការអនុវត្តការងារក្នុងមូលដ្ឋាន ប្រចាំថ្ងៃ។ អង្គសិក្ខាសាលាក៏បានស្តាប់នូវការលើកឡើងនូវសំណូមពរ និងមតិយោបល់ដ៏ល្អៗផងដែរ ពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាន ដែលជាធាតុចូលគាំទ្រដល់យន្តការការងារចំពោះមុខ ក៏ដូចជាបំពេញបន្ថែមលើ ចំណុចចាំបាច់មួយចំនួន សម្រាប់ជំរុញឱ្យការអនុវត្តមានសន្ទុះទៅមុខប្រកបដោយប្រសិទ្ធភាព។

ដើម្បីគាំទ្រដល់ការអនុវត្តការងារ ក្រសួងព័ត៌មានក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នឹងផ្តល់ការបណ្តុះបណ្តាលចាំបាច់ សំដៅពង្រឹងសមត្ថភាពជំនាញ លើការងារនាំពាក្យ ការនិពន្ធ ការផលិត និងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមការងារព័ត៌មាន និងសាធារណមតិនៅក្នុង២៥ រាជធានី-ខេត្ត៕

ដោយ ៖ សិលា


ចែករំលែក៖