ភ្នំពេញ ៖ ក្នុងប្រអប់លលាដ៍ក្បាលរបស់មនុស្សយើង គឺមានផ្ទុកនូវសមាសធាតុបី រួមមាន ខួរក្បាល ទឹកខួរក្បាល និងបរិមាណឈាម ដើម្បីបង្កើតជាសម្ពាធមួយសមស្របឲ្យចរន្តឈាមចេញចូលបានល្អ ក៏ដូចជាសម្រាប់ដំណើរការប្រក្រតីរបស់ប្រព័ន្ធប្រសាទ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ដែលបណ្តាលឲ្យមានការកើនឡើងនៃសម្ពាធក្នុងខួរក្បាល (Hypetension intracrânien) ខ្លាំងនោះ នឹងបណ្តាលឲ្យមានខូចខាតយ៉ាងខ្លាំងដល់ប្រព័ន្ធខួរក្បាល ដែលមានផលវិបាកអាចពិការភាព ឬរហូតដល់បាត់បង់ជីវិតតែម្តង។ តាមបច្ចេកទេសវេជ្ជសាស្រ្ត ការព្យាបាលការកើនឡើងសម្ពាធក្នុងខួរក្បាលអាចធ្វើទៅបានតាមរយៈការប្រើប្រាស់ថ្នាំ និងជាចុងក្រោយដោយវិធីសាស្រ្តវះកាត់យកលលាដ៍ក្បាលមួយចំហៀងចេញដើម្បីបន្ថយសម្ពាធក្នុងខួរក្បាល ដែលអាចជួយសង្រ្គោះខួរក្បាល ក៏ដូចជាជីវិតអ្នកជម្ងឺ។ បច្ចេកទេសក្នុងការវះកាត់នេះត្រូវបានធ្វើជាលើកដំបូងនៅក្នុងឆ្នាំ ១៩០១ ដោយលោក Kocher និងលោក Cushing ដែលជាគ្រូពេទ្យវះកាត់ខួរក្បាលជនជាតិអាមេរិកកាំង។
1. តើពេលណាយើងត្រូវធ្វើការវះកាត់ដោយប្រើបច្ចេកទេសនេះ?
– ការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមានឈាមកកក្នុងប្រអប់លលាដ៍ក្បាល និងហើមសាច់ខួរក្បាលខ្លាំង
– ការហើមសាច់ខួរក្បាលខ្លាំង ដោយសារការស្ទះសរសៃឈាមណាមួយក្នុងខួរក្បាល
2. ពេលណាយើងអាចវះកាត់ដាក់លាលដ៍ក្បាល (Crânioplastie) បានវិញ៖
– យ៉ាងតិច ២ ទៅ ៣ខែ បន្ទាប់ពីការវះកាត់លើកដំបូង (ពេលដែលខួរក្បាលបាត់ហើម)
3. មានអ្វីខ្លះសម្រាប់ដាក់បំពេញចន្លោះលលាដ៍ដែលបាត់បង់?
– លលាដ៍របស់អ្នកជម្ងឺផ្ទាល់ ដែលត្រូវបានរក្សាទុកក្រោមស្បែកពោះ ឬក្នុងទូរបង្កក
– លលាដ៍សិប្បនិម្មិតធ្វើពីស៊ីម៉ង់វេជ្ជសាស្រ្ត ឬបន្ទះទីតានញ៉ូម (Plaque titanium)
– លលាដ៍សិប្បនិម្មិតបងើ្កតដោយបច្ចេកទេសព្រីន 3D (3D Printing)
ការវះកាត់យកលលាដ៍ក្បាលមួយចំហៀងកចេញ គឺជាវីធីសាស្រ្តព្យាបាលចុងក្រោយ សម្រាប់ជួយអាយុជីវិតអ្នកជម្ងឺ។ ប៉ុន្តែវិធីនេះក៏មានផលប៉ះពាល់ច្រើន និងតម្រូវឲ្យមានការវះកាត់ដាក់លលាក៍ក្បាលឡើងវិញម្តងទៀត៕
ដោយ ៖ សិលា