ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​មុខងារ​សាធារណៈ ​៖​ សេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ នៅព្រឹកថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្រ្តីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៤។ 

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ យោងអនុក្រឹត្យលេខ៨៩​ អនក្រ.បក ចុះថ្ងៃទី១​ ខែ​មេសា ឆ្នាំ២០២៤​ ស្តីពីការផ្តល់ប្រាក់ ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ។

ក្រសួងមុខងារសាធារណៈ​ មានកិត្តិយសសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុង ខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិជូនមន្ត្រីរាជការ។ សេចក្តីដូចបានជម្រាបជូនខាងលើ គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នាជាមួយនឹងការបើក ប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ និង លើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែ ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕​

ខាងលេីនេះ​ជា​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ៖

ដោយ​៖តារា


ចែករំលែក៖