អន្តរជាតិ៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ម្សិលមិញថា៖ បច្ចុប្បន្នខេត្ត និងទីក្រុងមួយចំនួនធំរបស់ប្រទេសថៃ កំពុងជួបបញ្ហាខ្លាំងពាក់ព័ន្ធនឹងកម្រិតខ្យល់ពុល PM2.5 ខណៈបញ្ហាមួយនេះក៏ជះឥទ្ធិពល និងបង្កជាផលប៉ះពាល់យ៉ាងច្រើនក្រាស់ក្រែលទៅដល់អាយុជីវិតចំពោះអ្នកដែលរស់នៅក្រោមសម្ពាធខ្យល់ដ៏អាប់អួលមួយនេះផងដែរ ។
The Nation បាននិយាយថា ពលរដ្ឋថៃដែលរស់នៅក្រោមឥទ្ធិពលនៃបញ្ហាខ្យល់ពុល PM2.5 នឹងថយអាយុកាលចំនួន ១.៧៨ ឆ្នាំ ស្របពេលដែលខេត្តខ្លះរបស់ថៃមានកម្រតិខ្យល់ពុលហក់ឡើងដល់ ៩៣.៤ មីក្រូក្រាមក្នុងម៉ែត្រគូបឯណោះ ខណៈកម្រិតខ្យល់ពុលស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) ជាមធ្យមមិនលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះឡើយ ។
បេីយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឱ្យដឹងដែរថា ប្រទេសថៃកំពុងឈរនៅលំដាប់ទី ២៩ ក្នុងចំណោមប្រទេស និងដែនដីដែលមានបញ្ហាថយចុះអាយុជីវិតរស់នៅ ដោយសារតែបញ្ហាខ្យល់ពុល PM2.5 ។ ចំណែកប្រជាពលរដ្ឋនៅក្នុងប្រទេសបង់ក្លាដែសប្រឈមមុខនឹងការធ្លាក់ចុះអាយុកាលរស់នៅខ្ពស់បំផុតរហូតដល់ ៦.៧៦ ឆ្នាំ បន្ទាប់មកគឺឥណ្ឌា ៥.២៦ ឆ្នាំ និងនេប៉ាល់ ៤.៥៨ ឆ្នាំ ។
ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានកត់សម្គាល់កាលពីឆ្នាំមុនថា តំបន់អាស៊ីខាងត្បូងមានហានិភ័យខ្ពស់បំផុតនៃការបំពុលខ្យល់ PM2.5 បន្ទាប់ពីទីក្រុងចំនួន ២៩ ក្នុងប្រទេសឥណ្ឌា ខណៈប៉ាគីស្ថាន និងបង់ក្លាដែស ស្ថិតក្នុងចំណោមទីក្រុងចំនួន ៣០ ដែលមានខ្យល់បំពុលខ្លាំងបំផុត ។
គួរបញ្ជាក់ថា PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើមជាដើម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលសាធារណៈថៃ ក៏បានបង្ហាញដែរថា ចំនួនអ្នកជំងឺថៃដែលមានបញ្ហាទាក់ទងនឹងការបំពុលបរិយាកាសបានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០២៣ កន្លងទៅ ។ ក្នុងចំណោមជនជាតិថៃដែលមានជំងឺទាក់ទងនឹងការបំពុលខ្យល់គឺមាន ៣ ធំៗដូចជា រលាកទងសួត ៣៩.១ ភាគរយ, មហារីកសួត ១៩.៨ ភាគរយ និងជំងឺដាច់សរសៃឈាមខួរក្បាល ១៦.៨ ភាគរយ ។
ដោយឡែកអាជ្ញាធរថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ផងដែរ ដោយណែនាំពួកគេឲ្យចៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន៕
ដោយ៖ តារា