ព័ត៌មានទាន់ហេតុការណ៍៖

«កិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋតួកគី»

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះសេចក្តីប្រកាសព័ត៌មាន លើផេកផ្លូវការ ដោយបញ្ជាក់ថា ៖ នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត ចែម វីឡាំ រដ្ឋលេខាធិការក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគី។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងអង់ការ៉ា លោកបណ្ឌិត ចែម វីឡាំ បានចូលជួបសម្តែងការ គួរសមចំពោះលោក Hakan FIDAN រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី។ ឥស្សរជនទាំងពីរ បានបង្ហាញទស្សនៈដូចគ្នាថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកមានសារៈសំខាន់ក្នុងការ ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការនានា ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ខណៈដែលឆ្នាំនេះប្រទេសទាំងពីរប្រារព្ធខួប លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ ១៩៥៩។ ក្នុងស្មារតីនេះ ឯកឧត្តម Hakan FIDAN បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សន កិច្ចផ្លូវការនាពេលខាងមុខរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មកកាន់សាធារណរដ្ឋតួកគី។

លោកបណ្ឌិត ចែម វីឡាំ ក៏បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី ដែលប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា ជាមួយ លោក Burak AKCAPAR អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី។ កិច្ចពិគ្រោះយោបល់បាន ចាប់ផ្តើមដោយការទទួលស្គាល់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងនិងវិសេសវិសាល និងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និត រវាងកម្ពុជា និងតួកគី។ ចំណងមិត្តភាពដ៏រឹងមាំនេះត្រូវចេះបញ្ចាំងតាមរ ព្រឹត្តិការណ៍សំខាន់ៗ រួមមានការប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ នៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីលើកទី១ និងលើកទី២ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ និងកិច្ចប្រជុំ លើកទី៣ របស់គណៈកម្មការសេដ្ឋកិច្ចចម្រុះដែលបានរៀបចំនៅទីក្រុងភ្នំពេញកាលពីឆ្នាំមុន។

លោក បណ្ឌិត ចែម វីឡាំ បានជម្រាបយ៉ាងក្បោះក្បាយជូនភាគីតួកគីអំពីពុ នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ដោយគូសបញ្ជាក់អំពីការរៀបចំការបោះឆ្នោតដោយជោគជ័យ នៅកម្ពុជា កម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជាថ្មី។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជា បន្តបន្ទាប់របស់តួកគីក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបង្កើតមជ្ឈមណ្ឌលតួកគីក្នុងសាកល វិទ្យាល័យភូមិន្ទភ្នំពេញ និងការបង្រៀនភាសាតួកគីដល់និស្សិតកម្ពុជា។ 

លោក ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការបណ្តុះបណ្តាលដល់មន្ត្រី ការទូតកម្ពុជា។

លោក Burak AKCAPAR បានសង្កត់ធ្ងន់លើសារៈសំខាន់នៃធនធានមនុស្ស និងបច្ចេក វិទ្យាក្នុងការអភិវឌ្ឍប្រទេស និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការបង្កើន ចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា។ លោក ក៏បានលើកឡើងផងដែរអំពីការបង្កើតសមាគម អតីតនិស្សិតកម្ពុជាសិក្សានៅតួកគី ដោយអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ ដែលនេះជា សក្ខីភាពមួយបង្ហាញពីលទ្ធផលនៃកម្មវិធីនេះ។ ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងនូវការដឹង គុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានបង្ហាញពីសាមគ្គីភាពរបស់ខ្លួន ខណៈពេលដែលប្រទេស តួកគីបានទទួលរងគ្រោះការរញ្ជួយដី កាលពីឆ្នាំកន្លងទៅ។

ចំពោះវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានទទួលស្គាល់អំពីការកើនឡើងនៃទំហំពាណិជ្ជ ជាពិសេសក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ លោកបណ្ឌិត ចែម វីឡាំ បានរំលឹកអំពីសកម្មភាព ធុរកិច្ចប្រកបដោយភាពជោគជ័យជាច្រើនដែលប្រទេសទាំងពីរសម្រេចបាន ដូចជាការបើកការិយាល័យ ពាណិជ្ជកម្មតួកគីនៅភ្នំពេញ និងការតែងតាំងអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីក្រុងអង់ការ៉ា ព្រមទាំង ដំណើរទស្សនកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជានៅសាធារណរដ្ឋតួកគីកាលពីឆ្នាំ២០២២ ផងដែរ។ លើសពីនេះទៀត ការខិតខំប្រឹងប្រែងបន្ថែមទៀតគឺចាំបាច់ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ ការ បើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីដឹកជញ្ជូនអ្នកដំណើរនិងទំនិញ នឹងរួមចំណែកជួយ យ៉ាងខ្លាំង។ លោក Burak AKCAPAR បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបកស្រាយ របស់ ឯកឧត្តមបណ្ឌិត ចែម វីឡាំ លើភាពទាក់ទាញផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លើយតបទៅនឹង គំនិតនៃគំនិតផ្តួចផ្តើមអាស៊ីថ្មី (Asia Anew Initiative) របស់តួកគី។ លោក បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការចូលរួមរបស់វិស័យឯកជន ជាពិសេសបានស្នើឱ្យក្រុមប្រឹក្សាធុរកិច្ចមានជំនួបជាប្រចាំ។ លោក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ កសិកម្ម។

ដោយយោងលើការផ្តល់ឧបករណ៍សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជាក្នុងឆ្នាំ២០១៨ តួកគីនឹងពិនិត្យលទ្ធភាពចូលរួមក្នុងសន្និសីទត្រួតពិនិត្យលើកទី៥នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប នៅថ្ងៃទី២-៦ ខែធ្នូ ឆ្នាំ២០២៤។

សហប្រធានទាំងពីរបានបញ្ចប់កិច្ចពិគ្រោះយោបល់ដោយសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Burak AKCAPAR បានរៀបចំអាហារ ការងារពេលល្ងាចជូនជាកិត្តិយសដល់គណៈប្រតិភូកម្ពុជា ហើយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា លើកិច្ចការតំបន់ អន្តរជាតិ និងពហុភាគីដែលផ្តល់ប្រយោជន៍រួម។

បន្ទាប់ពីធ្វើជាសហប្រធានកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ ដោយជោគជ័យ និង ប្រកបដោយផ្លែផ្កាខ្ពស់ លោកបណ្ឌិត ចែម វីឡាំ ក៏មានជំនួបដាច់ដោយឡែកចំនួន ៣ ជាមួយ លោក Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) ជាមួយលោក Afif DEMIRKIRAN អនុប្រធានកិច្ចការបរទេសនៃគណបក្ស AK និង ជាមួយសាស្ត្រាចារ្យបណ្ឌិត Necdet ÜNÜVAR សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Ankara។ កិច្ចប្រជុំទាំងនេះមានគោលបំណងផ្តល់សន្ទុះថ្មីបន្ថែមទៀតដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយ TIKA និងរវាងសាកលវិទ្យាល័យ ក៏ដូចជារវាងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិក របស់ តួកគី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជា ព្រមទាំងការលើកកម្ពស់ការទូតសភា រវាងប្រទេសទាំងពីរ។

អំឡុងជំនួបជាមួយ លោកប្រធាន TIKA លោកបណ្ឌិត ចែម វីឡាំ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះភាគីតួកគីសម្រាប់ការប្តេជ្ញាចិត្តឥតងាករេ និងជំនួយជាបន្តបន្ទាប់ ដែលបានផ្តល់ជូនកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបានរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រួមមានវិស័យអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ។ ល។ ឯកឧត្តម Serkan KAYALAR មានបំណងផ្តោតលើកម្មវិធីកសាងសមត្ថភាព នៅកម្ពុជានៅក្នុង វគ្គថ្មីនៃកម្មវិធីរបស់ខ្លួន។ លោកក៏បានលើកឡើងអំពីបំណងរបស់ភាគីតួកគីក្នុងការបើក ការិយាល័យដំបូងរបស់ TIKA នៅកម្ពុជា និងបំណងរបស់ លោក មកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រនាពេលឆាប់ៗខាងមុខនេះ។ លើសពីនេះទៀត លោក បានបញ្ជាក់អំពីការ ប្តេជ្ញាចិត្តរបស់ TIKA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងវប្បធម៌ និងបេតិកភណ្ឌនៅ កម្ពុជា។

ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ លោកបណ្ឌិត ចែម វីឡាំ និងលោក Aff DEMIRKIRAN ចែករំលែក ទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងសភារវាងប្រទេសទាំងពីរតាមរយៈការបង្កើតអនុស្សរណៈយោគ យល់គ្នារវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទ្វេភាគីរបស់សមាជិកសភាផងដែរ។ ក្នុងន័យនេះ លោកបណ្ឌិត ចែម វីឡាំ ជួសមុខឱ្យរដ្ឋសភា កម្ពុជា “ព័នអញ្ជើញសភាតួកគីចូលរួមកិច្ចប្រជុំសភាអន្តរជាតិដើម្បីភាពអត់ (IPTP) និងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជានិងជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងពីរនេះ នៅចុងឆ្នាំ២០២៤។ ឯកឧត្តម ក៏បានស្វែងរកការគាំទ្រពីភាគី តួកគីលើគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតធម្មនុញ្ញ សន្តិភាពសកល។ លោក Afif DEMIRKIRAN បានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ កម្ពុជាក្នុង ICAPP និងបានទទួលយកការអញ្ជើញចូលរួម IPTP និង ICAPP ប្រកបដោយ ភាពរីករាយ។ លើសពីនេះទៅទៀត លោកក៏បានស្នើឱ្យបន្តឡើងវិញនូវក្រុមមិត្តភាពព្រឹទ្ធសភា រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគីផងដែរ។

ក្នុងជំនួបជាមួយសាស្ត្រាចារ្យបណ្ឌិត Necdet ÜNŪVAR សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ Ankara ដែលជាសាកលវិទ្យាល្បីមួយរបស់តួកគី ភាគីទាំងពីរបានផ្លាស់ប្តូរ ការយល់ដឹងអំពីកិច្ចសហប្រតិបត្តិកាលើវិស័យអប់រំ ដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចព្រមព្រៀង រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិ MAARIF តួកគី ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន និងអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងបណ្ឌិតសភាការ ទូតនៃសាធារណរដ្ឋតួកគី។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យអង់ការ៉ា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖