កាលពីថ្ងៃទី ២ ខែមេសា យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា ដើម្បីរៀបចំសម្រាប់ខ្លឹមសារនៃកិច្ចចរចានាពេលខាងមុខរវាងប្រធានាធិបតីចិន Xi Jinping នឹងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង (ប្រទេសចិន) រដ្ឋមន្ត្រីការបរទេសបារាំងលោក Stéphane Séjourné និងសមភាគីប្រទេសម្ចាស់ផ្ទះលោក Wang Yi បានផ្តោតការយកចិត្តទុកដាក់ស្តីពីការពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាពាណិជ្ជកម្ម និងស្ថានភាពរវាងរុស្ស៊ីនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសបារាំងលោកStéphane Séjournéបានរំលឹកឡើងវិញនូវចំណុចជាច្រើនដែលធ្វើឡើងដោយមេដឹកនាំអឺរ៉ុប រួមទាំងនាយករដ្ឋមន្រ្តីហុល្លង់លោក Mark Rutte ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនអំពីជំហានដែលត្រូវការដើម្បីធ្វើឱ្យមានតុល្យភាពឡើងវិញតាមរយៈភាពជាដៃគូសេដ្ឋកិច្ច។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេស Wang Yi លោក Stéphane Séjourné បានសង្កត់ធ្ងន់ថា នេះគឺជាអាទិភាពកំពូលសម្រាប់ប្រទេសបារាំង ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុប។ “សហភាពអឺរ៉ុប (EU) គឺជាទីផ្សារបើកចំហបំផុតនៅលើពិភពលោក។ ប៉ុន្តែឱនភាពបច្ចុប្បន្នជាមួយប្រទេសមួយចំនួន រួមទាំងប្រទេសចិន គឺស្ថិតក្នុងកម្រិតដែលមិនមាននិរន្តរភាពសម្រាប់យើង»។
មន្ត្រីអឺរ៉ុបបានសម្តែងការព្រួយបារម្ភថា រលកនៃរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនដែលមានតំលៃថោកអាចរំខានដល់ការផលិត និងផ្លាស់ប្តូរការងារនៅអឺរ៉ុប។ សហភាពអឺរ៉ុបកំពុងស៊ើបអង្កេតថាតើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិនសម្រាប់យានជំនិះអគ្គិសនីផ្តល់ឱ្យក្រុមហ៊ុននាំចេញរថយន្តចិននូវអត្ថប្រយោជន៍អយុត្តិធម៌ដែរឬទេ។
ក្រុមហ៊ុនអ៊ឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនក៏កំពុងត្អូញត្អែរថា ការផ្លាស់ប្តូរថ្មីៗចំពោះច្បាប់សន្តិសុខជាតិរបស់ប្រទេសចិនបានធ្វើឱ្យការវិនិយោគនិងការធ្វើអាជីវកម្មកាន់តែលំបាក។
គេរំពឹងថា លោក Xi Jinping ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំងនៅដើមខែឧសភា។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អឺរ៉ុបចាប់តាំងពីជំងឺរាតត្បាត Covid-19 នឹងស្របពេលជាមួយឱកាសដែលចិននិងបារាំងប្រារព្ធខួបលើកទី 60 នៃការបង្កើតទំនាក់ទំនងការទូត៕ ដោយ៖ ធីរីណា
រូបថត៖ China News