ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សាលារៀនគឺអង្គភាពផ្តល់សេវាសាធារណៈដែលស្ថិតនៅជិតប្រជាពលរដ្ឋ ហើយសាលារៀន ត្រូវតែអនុវត្តន៍តួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន និងរៀនផ្តល់នូវវិជ្ជាសម្បទា បំនិនសម្បទា និងចរិយាសម្បទាដល់សិស្សានុសិស្សគ្រប់រូបដែលទាមទារឱ្យសាលារៀន ត្រូវពង្រឹងអភិបាលកិច្ចប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្តុំចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា។
នៅក្នុងឱកាស «បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ «ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រចំពោះការវាយតម្លៃសាលាទាំង៣កម្រិត ដែលក្រសួងអប់រំ បានជ្រើសរើស និងទទួលស្គាល់ជាសាលាគំរូទាំង១២០សាលានូវដំណាក់កាលដំបូងនេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ស្នើឱ្យរៀបចំសាលាគំរូចំនួន ៥០ សាលា ដើម្បី ដាក់ឱ្យដំណើរការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាតដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់និងការថ្នាំងថ្នាក់ពីអណាព្យាបាលសិស្ស ឬសង្គម ៕
ដោយ ៖ សិលា