ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ៨រោច​ ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៤ ម្សិលមុិញ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈិវនាថ សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក, លោក ចម ប្រសិទ្ធ, លោក ឈិន កេតនា, លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារសំខាន់ៗ និងកិច្ចការបច្ចេកទេសមួយចំនួនទៀតយ៉ាងល្អិតល្អន់ ព្រមទាំងព្រះរាជកម្មវិធីដង្ហែរព្រះបរមសព និងព្រះរាជកម្មវិធីមហាសង្ឈទានថ្វាយព្រះភ្លើងព្រះបរមសព និងអភិសេកព្រះបរមអដ្ឋិធាតុឆាកមហាបង្សុកូលឆ្លងខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរបំផុត ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖