ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងបានបង្កើតលេខាធិការដ្ឋានមួយដែលដើរតួនាទីជាសេនាធិការរបស់គណៈកម្មាការជាតិក្នុងគោលបំណងជួយគាំទ្រលើកកម្ពស់ការអប់រំ និងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សបានមករៀននៅសាលា និងទទួលបានការបំប៉នមេរៀនបន្ថែម។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការរៀបចំសកម្មភាពក្រៅម៉ោងសិក្សានេះ មានគោលដៅកាត់បន្ថយម៉ោងទំនេរ ប្រែក្លាយម៉ោងទំនេររបស់កុមារ និងយុវជនដែលអាចយកទៅប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនឱ្យក្លាយទៅជាម៉ោងសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា» នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាត ដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់ និងការថ្នាំងថ្នាក់ពីអណាព្យាបាលរបស់សិស្ស ឬពីបណ្តាញសង្គមនានា។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕

ដោយ ៖ សិលា


ចែករំលែក៖