ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងថា ស្នើឱ្យរៀបចំសាលាគំរូចំនួន ៥០ សាលា ដើម្បី ដាក់ឱ្យដំណើរការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី។
-សម្តេចធិបតី ប្រកាសអំពាវនាវដល់គ្រប់សាលារៀនទាំងអស់មិនត្រូវបង្កើតជំនួយសមធម៌ ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុអ្វីមួយដល់មាតាបិតា ឬអណាព្យាបាលរបស់សិស្សានុសិស្សជាដាច់ខាតដើម្បីធ្វើយ៉ាងណាបញ្ជៀសការរិះគន់និងការថ្នាំងថ្នាក់ពីអណាព្យាបាលសិស្ស ឬសង្គម។
-សម្ដេចធិបតី ថ្លែងថា សាលារៀន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាអង្គភាពផ្ដល់សេវាសាធារណៈប្រកបដោយទំនុលខុសត្រូវក្នុងការបង្រៀន និងផ្ដល់ចំណេះវិជ្ជា។
-សម្ដេចធិបតី ថ្លែងថា៖ «ជាការពិតណាស់ សាលារៀន គឺជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលនៅជិតប្រជាពលរដ្ឋ ហើយសាលារៀន ត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបង្រៀន រៀន និងផ្ដល់វិជ្ជាសម្បទា បំនិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប»។
-សម្ដេចធិបតី ថ្លែងបន្ថែមថា ហេតុដូច្នេះ ការគ្រប់គ្រងសាលារៀន ត្រូវទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ច ប្រកបដោយភាពធន់ បុរេសកម្ម និងប្រមូលផ្ដុំ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហគមន៍ អាណាព្យាបាល ឬមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ដង់ដារសាលារៀនគំរូ។
-សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះការវាយតម្លៃរបស់ក្រសួងអប់រំ ទៅលើសាលារៀនទាំង៣កម្រិត ដែលក្រសួងបានជ្រើសរើស និងទទួលស្គាល់ជាសាលាគំរូទាំង១២០ ក្នុងដំណាក់កាលដំបូងនេះ។ ក្នុងន័យនេះ សម្ដេចធិបតី បានបញ្ជាក់ថា ការវាយតម្លៃសាលារៀនគំរូ គឺការទទួលស្គាល់សមិទ្ធផលសាលារៀន លទ្ធផលសិក្សារបស់សិស្សខ្ពស់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និងគ្រួសារក្នុងការអភិវឌ្ឍសាលារៀន ទៅជាសាលារៀនដែលជាប់ចំណាត់ថ្នាក់អង្គភាពផ្ដល់សេវាសាធារណៈល្អ សាលារៀនស្អាត គ្រូល្អ។
-សម្តេចធិបតី ថ្លែងថា ចាប់ពីពេលនេះតទៅ មិនត្រូវបង្កើតកម្មវិធីអ្វីមួយហើយស្នើសុំថវិការបស់សិស្សានុសិស្សនោះឡើយ ខណៈបញ្ហានេះក៏ធ្លាប់មាន មកហើយដែរ ដូច្នេះមិនត្រូវឲ្យមានបន្តទៀតនោះទេ។
-សម្តេចធិបតី ថ្លែងថា ការបង្កើតកម្មវិធីអ្វីមួយពីសាលារៀន ហើយស្នើសុំថវិកាពីឱពុកម្តាយរបស់សិស្សានុសិស្សនោះ វាជារូបភាពមួយដែលអាចមានការយល់ច្រឡំពី ឱពុកម្តាយរបស់សិស្សានុសិស្ស ដោយពួកគាត់អាចចោទប្រកាន់មកសាលារៀនវិញថា ការស្នើសុំរបស់ យើងវាជាការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ ដូច្នេះបញ្ហានេះគប្បីមិនមានទៀតវាល្អជាង៕
ដោយ៖ តារា