នៅថ្ងៃទី 10 ខែមករា គណបក្សសេរីនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដាបានប្រកាសថា ខ្លួននឹងជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី 9 ខែមីនាដើម្បីជំនួសលោក Justin Trudeau ហើយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈ្នះការបោះឆ្នោតសកលឆ្នាំ 2025 ។
ថ្នាក់ដឹកនាំគណបក្សសេរីនិយមបានជួបពិភាក្សានិងលើកឡើងពីគោលការណ៍បឋមសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានគណបក្សបន្ទាប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមីនា ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃដដែល។ កាលបរិច្ឆេទនៃការចុះឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សគឺថ្ងៃទី ២៧ ខែមករា។ បេក្ខជនម្នាក់ៗនឹងត្រូវបង់ថ្លៃសេវាចំនួន 350,000 CAD (ជិត 250,000 ដុល្លារអាមេរិក)។
កាលពីថ្ងៃទី៦ ខែមករា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានប្រកាសថា លោកនឹងលាលែងពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម ប៉ុន្តែនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើស។ ការប្រកាសលាលែងពីតំណែងនេះ បានកើតឡើងនៅពេលដែលលោក Trudeau ស្ថិតនៅក្រោមសម្ពាធពីក្នុងបក្សរបស់លោក ក្នុងបរិបទនៃការស្ទង់មតិយោបល់នាពេលថ្មីៗនេះ ដែលបង្ហាញថា គណបក្សនឹងចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតបន្ទាប់។
លោក Trudeau កើតនៅឆ្នាំ 1971 បានចូលកាន់តំណែងក្នុងខែវិច្ឆិកា ឆ្នាំ 2015 ហើយត្រូវបានជាប់ឆ្នោតឡើងវិញពីរដង ដោយក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតមួយនៅក្នុងប្រទេសកាណាដា។ ទោះជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់គាត់បានចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ចំពេលមានការតវ៉ាជាសាធារណៈអំពីការកើនឡើងតម្លៃរស់នៅ និងកង្វះលំនៅឋាន។
ការស្ទង់មតិ រហូតមកដល់ពេលនេះ បង្ហាញថា គណបក្សសេរីនឹងចាញ់យ៉ាងធ្ងន់ធ្ងរទៅឱ្យក្រុមអភិរក្សនិយមដ៏សំខាន់នៅក្នុងការបោះឆ្នោតបន្ទាប់ ដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ 2025 ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN