ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ចំនួន០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ចេញប្រតិបត្តិការឈរជើងប្រចាំការតាមគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុផងដែរ។
សូមជម្រាបជូនថា នាវាឈ្មោះ SEA BOURN ENCORE មានបណ្តោយ ២១០.៥ម៉ែត្រ និងទទឹង ២៨ម៉ែត្រ ដែលមានជម្រៅទឹក ៦ម៉ែត្រ។
នៅក្នុងនាវាទេសចរណ៍នេះដែរ មានភ្ញៀវទេសចរ ចំនួន ៥៦៤នាក់ ស្រី ចំនួន ២៩០នាក់ មាន ២២សញ្ជាតិ និងមាននាវឹក ចំនួន ៤០៥នាក់ ស្រី ចំនួន ១០៥នាក់ មាន ៥៩សញ្ជាតិ។
គួរបញ្ជាក់ថា នាវានេះ មកពីប្រទេសថៃឡង់ដ៏ ហេីយនឹងធ្វើដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល៕
ដោយ៖ តារា