ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ក្រោម អធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានធនធានមនុស្ស បានរៀបចំពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ដែលមានសមាសភាពចូលរួមពី លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ លោកសន្តិបណ្ឌិត លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គនាយក – អគ្គនាយករង ប្រធានអង្គភាពទាំងអស់ចំណុះឱ្យក្រសួងមហាផ្ទៃ ស្នងការ ស្នងការរង នៃស្នងការដ្ឋាននគរបាល រាជធានី ខេត្ត សរុបប្រមាណ ៥០០នាក់។ នេះបើតាមប្រភពពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។ 

ក្នុងពិធីផ្សព្វផ្សាយនេះ លោក នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស បានធ្វើបទបង្ហាញអំពីខ្លឹមសាររួមនៃប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដើម្បីគោរពជូនលោកអភិសន្តិបណ្ឌិត និងផ្សព្វផ្សាយជូនអង្គពិធីទាំងមូលជ្រាប។

   មានមតិក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស អគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ លោកអភិសន្តិបណ្ឌិត បានបន្ថែមថា ក្រសួងមហាផ្ទៃ បានចេញប្រកាសនេះដើម្បីជំនួសបទវិន័យនគរបាលជាតិលេខ ០០៦ ដែលបានបង្កើតឡើង រហូតមកដល់ពេលនេះមានរយៈពេលជាង២៨ឆ្នាំមកហើយ។ ម៉្យាងទៀត ការចេញប្រកាសដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់ផ្នែកកងកម្លាំង នគរបាលជាតិរបស់ក្រសួងមហាផ្ទៃបន្ថែមទៀត ដោយបានកំណត់នូវបទប្បញ្ញត្តិនិងវិធានថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

   ជាចុងក្រោយ លោកអភិសន្តិបណ្ឌិត បានណែនាំនិងផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធដូចតទៅ៖

១- អង្គភាពនីមួយៗត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះបន្តដល់មន្ត្រីនគរបាលក្រោមឱវាទ និង ជំរុញការអនុវត្តតាមប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

២- បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបញ្ចូលប្រកាសនេះទៅក្នុងកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាល គ្រប់កម្រិត។

៣- អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវរៀបចំកិច្ចប្រជុំតាមដានការអនុវត្តប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជារៀងរាល់ ៣ខែម្តងឱ្យបានទៀងទាត់។

៤- អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផលិតវីដេអូឃ្លីបផ្សព្វផ្សាយ ស្តីពីការពង្រឹងវិន័យ ការស្លៀកពាក់ឯកសណ្ឋាន និងការគោរពគំនាប់របស់កងកម្លាំងនគរបាលជាតិ ។

សូមបញ្ជាក់ផងដែរថា ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជានេះមាន ៧ ជំពូក និង ៣៥ ប្រការ ៕

ដោយ ៖ សិលា


ចែករំលែក៖