ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាទំនៀមទម្លាប់ អត្តសញ្ញាណ និងជាវប្បធម៌ដ៏ល្អផូរផង់ តាំងពីបរមបុរាណរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលតែងប្រារព្ធធ្វើរៀងរាល់ឆ្នាំជាយូរលង់ណាស់ មកហើយ ។
ដើម្បីចូលរួមសម្តែងអំណរសាទរ និងទទួលស្វាគមន៍សង្ក្រាន្ត ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ និងរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ជាតិឱ្យបានគង់វង្ស ព្រមជាមួយនឹង ការធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងអំឡុងពេល នៃការប្រារព្ធពិធីបុណ្យដ៏មានអត្ថន័យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី-ខេត្ត ដូចខាងក្រោម៖
១- ត្រូវរៀបចំដាក់ចេញផែនការជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាព ពាក់ព័ន្ធក្រោមឱវាទឱ្យបង្កើនស្មារតីម្ចាស់ការក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសង្គម ដើម្បីធានាសុវត្ថិភាព និងបង្កបរិយាកាសល្អប្រសើរ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមលេងកម្សាន្តបានច្រើនកុះករប្រកបដោយភាព សប្បាយរីករាយ និងមហោឡារិក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
២- ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ ជាពិសេសសកម្មភាព ភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពបង្កហានិភ័យផ្សេងៗទៀត ដើម្បីចាត់ វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើន ការយកចិត្តទុកដាក់លើគោលដៅប្រមូលផ្តុំទេសចរ វត្តអារាម និងរមណីយដ្ឋាននានា ជាដើម ។
៣- ត្រូវចាត់តាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អង្គភាពរដ្ឋ គ្រឹះស្ថានឯកជន និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការបង្ការគ្រោះថ្នាក់ដោយ អគ្គិភ័យជាយថាហេតុ ដែលបណ្តាលមកពីការដុតទៀនធូប ភ្លើងចង្ក្រាន ការឆ្លងចរន្តអគ្គិសនី ឬការប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ព្រមទាំងផ្សព្វផ្សាយហាមឃាត់ការ ដុតផាវ និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កភាព អនាធិបតេយ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ព្រមទាំងបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ។
៤- ត្រូវជំរុញ និងចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបាន សកម្មផុលផុស ជាពិសេសការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀន ខុសច្បាប់ ល្បែងស៊ីសងគ្រប់ប្រភេទ សុវត្ថិភាពចរាចរណ៍ ព្រមទាំងបន្តយកចិត្តទុកដាក់ គ្រប់គ្រងឱ្យបានហ្មត់ចត់នូវគ្រប់មុខសញ្ញា និងក្មេងទំនើងនៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុន ដោយមិនទុកឱ្យធ្វើសកម្មភាពបង្កអសន្តិសុខ ឬបង្កគ្រោះថ្នាក់ ដល់អាយុជីវិត និងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ-ឯកជន ។
៥- ធ្វើការអំពាវនាវដល់សប្បុរសជន និងចាត់តាំងគណៈប្រតិភូនាំយកអំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចុះសួរសុខទុក្ខយុទ្ធជន យុទ្ធនារី និងមន្ត្រីរាជការមានជំងឺ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន ព្រមទាំងជន ពិការ កុមារកំព្រានៅតាមមណ្ឌល ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដែលជួបប្រទះការ ខ្វះខាត និងចាស់ព្រឹទ្ធាចារ្យគ្មានទីពឹង ដើម្បីជាការលើកទឹកចិត្ត និងលើកកម្ពស់វប្បធម៌ និង ស្មារតីជួយគ្នា ទៅវិញទៅមកក្នុងគ្រាមានគ្រោះអាសន្ន និងទុក្ខលំបាក ។
ក្រសួងមហាផ្ទៃ សង្ឃឹមជឿជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចាត់ចែង អនុវត្តសេចក្តីណែនាំនេះ ទទួលបានលទ្ធផលល្អប្រសើរ ៕
ដោយ៖ តារា