ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ទទួលបានទីលានទុកដាក់សំរាមថ្មីតំណាលគ្នា ជាមួយនឹងសមត្ថភាពប្រតិបត្តិការដល់ទៅ ២០ឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស

ចែករំលែក៖

ខេត្តក្រចេះ-ស្ទឹងត្រែង ៖ នារសៀលថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងក្រចេះ និងក្រុងស្ទឹងត្រែង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់មេគង្គ ជំហានទី៤ និងប្រគល់ទីលានទុកដាក់សំរាមជូនទៅអាជ្ញាធរនៃខេត្តសាមីទាំងពីរ ទទួលគ្រប់គ្រង និងអនុវត្តការងារបន្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាលស្តីទី នៃគណៈអភិបាលខេត្តក្រចេះ លោកអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រសួង អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី មន្ត្រីបច្ចេកទេសគម្រោង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ អនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន K.B.H Construction Co., Ltd. ដោយមានក្រុមហ៊ុន Ramboll Danmark សហការជាមួយ Oriental Consultation Global Co., Ltd. ក្រុមហ៊ុន SCE និង ក្រុមហ៊ុន Tancons (Cambodia) Co., Ltd. ជាទីប្រឹក្សាបច្ចេកទេស និងបានចំណាយថវិកាសាងសង់អស់ ៤ ៩៤៣ ៩៤៨ ដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងក្រុងក្រចេះចំនួន ០៤សង្កាត់(សង្កាត់ក្រចេះ ក្រគរ អូរឬស្សី និង រកាកណ្តាល)កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជារណ្តៅចំនួន១ ក្នុងចំណោមរណ្តៅចំនួន៤ ក្នុងគម្រោង ដែលមានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។ តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១៥ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៩៦ ២២០ម៉ែត្រគូប។

ដោយឡែកទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ អនុវត្តការងារសាងសង់ដោយ ក្រុមហ៊ុន MTA Construction Co., Ltd. ដោយមានក្រុមហ៊ុន Ramboll Danmark សហការជាមួយ Oriental Consultation Global Co., Ltd. ក្រុមហ៊ុន SCE និង ក្រុមហ៊ុន Tancons (Cambodia) Co., Ltd. ជាទីប្រឹក្សាបច្ចេកទេស និងបានចំណាយថវិកាសាងសង់អស់ ៤ ៨៣៨ ២០៧ ដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ទីលានទុកដាក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧,២៦ហិកតា នៃផ្ទៃដីសរុបទំហំ ២០,៧៨ហិកតា ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង ដែលមានសមត្ថភាពប្រតិបត្តិការក្នុងរយៈពេល ២០ឆ្នាំ សម្រាប់ប្រជាជនក្នុងក្រុងស្ទឹងត្រែងចំនួន ០៥សង្កាត់(សង្កាត់ស្ទឹងត្រែង ស្រះឬស្សី ព្រះបាត សាមគ្គី និងថាឡាបរិវ៉ាត់)។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជារណ្តៅចំនួន១ ក្នុងចំណោមរណ្តៅចំនួនពីរក្នុងគម្រោង ដែលមានទំហំ ១៤៦,០៦ម៉ែត្រ x ១០៩,៥២ម៉ែត្រ ជម្រៅ ១,៤៥ម៉ែត្រ ត្រូវជា ១,៦ហិកតា។ តាមផែនការរណ្តៅទាំងពីរនេះ នឹងត្រូវបំពេញសំរាមរហូតដល់ ១៥ម៉ែត្រ (គិតចាប់ពីមាត់រណ្តៅ) ដែលអាចផ្ទុកបានបរិមាណសំរាមបានប្រមាណ ១៧៦ ៤៣៨ម៉ែត្រគូប។

ការណ៍ដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ផ្អែកលើសារៈប្រយោជន៍នៃវិស័យអនាម័យ ក្រសួងបាន និងកំពុងសិក្សា និងរៀបចំ ផែនការមេវិស័យទឹកកខ្វក់ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលត្រៀមនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិធីប្រគល់-ទទួលនេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរគុណដល់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរខេត្តទាំងពីរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក៕

ដោយ ៖ សិលា


ចែករំលែក៖