ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនដូចជាៈ ១. Hypoly គ្រាប់ ទឹកពុះទឹកនោមផ្អែមលេខ 1 Cambodia ២. Hypoly ដំណោះស្រាយថ្មីសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ៣. មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម – Hypoly ៤. ជុំ ចិត្រា – 0967.447.362 និងគណនីមួយចំនួនទៀត កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ HYPOLY គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដូចមានរូបភាព ភ្ជាប់មកជាមួយ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូម ប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជិកាដូចមានគំរូភ្ជាប់មកជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋជ្រាបថា ការផ្សព្វផ្សាយផលិតផល ខាងលើ ដែលមានខ្លឹមសារថាព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយ ជាការផ្សព្វផ្សាយមានលក្ខណៈ បំផ្លើសហួសពីការពិត និងពុំមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់កុំទិញ និងប្រើប្រាស់ផលិតផលខាងលើនេះឡើយ ព្រោះផលិតផលនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលក្លែងក្លាយបណ្តាលឱ្យខាតបង់ប្រាក់កាស ពេលវេលា ក្នុងការព្យាបាល ប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជាកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការផ្សព្វផ្សាយ នាំចូល ចែកចាយ ឬលក់ផលិតផលខាងលើ នេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ជាធរមាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរសព្ទ ០១១ ៣៨៣ ១២៨ ឬ ០១២-៩៨៣ ៣៣៤ ឬ ០៩៩ ៩០៩ ២០២ ៕
ដោយ ៖ សិលា