ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បាន បើកសម័យប្រជុំ លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្តទៅលើ របៀប វារៈ សំខាន់ៗ ចំនួ ន២៖ 

ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ។

ទី២- បោះឆ្នោត ជ្រើសរើស ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។

ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ ក្នុង ព្រះបរមរាជវាំង។

សូមបញ្ជាក់ថា ៖ ព្រឹទ្ធសភានីតិកាលទី៥នេះ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មាន គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង ដោយក្នុងនោះរួមមាន គណបក្ស ប្រជាជន កម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផល គណបក្ស ប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ។ 

សូមគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយ ក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព សម្បូណ៌សប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជា និច្ចនិរន្តរ៍តរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖