ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវជិះម៉ូតូដេញវ៉ៃគ្នា ក្រុមជនរងគ្រោះជ្រុលចង្កូតទៅបុករបងពេញទំហឹងដង្ហើមចង្រិត ២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពនៅទីតាំងកើតហេតុបានប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៃអធិការក្រុងឱ្យដឹងថា÷ ករណីក្រុមក្មេងស្ទាវដេញវ៉ៃគ្នាបង្កអសន្តិសុខតាមដងផ្លូវនេះបានកើតឡើងនៅវេលាម៉ោង ១២:០០នាទីយប់រំលងអធ្រាត្រ  ឈានចូលថ្ងៃទី ០៣ ខែមែសា ឆ្នាំ ២០២៤ តាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងក្រញូង ក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីមហាជននៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចជំនាញបន្តថា÷ មុនដំបូងគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន ៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ ២គ្រឿងជិះគ្នា ៤នាក់ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង បានធ្វើសកម្មភាពជិះម៉ូតូយ៉ាងលឿនដេញវ៉ៃគ្នា ចុងក្រោយភាគីខាងជនរងគ្រោះលើម៉ូតូមួយគ្រឿងបានជ្រុលចង្កូតទៅបុករបងសាលារៀនទាំងកំរោលបុកប៉ះជាមួយនឹងចម្រឹងដេករបងបណ្តាលឲ្យរបួសដាច់រង្វះមាត់ ច្រមុះ និងផុងលលាក្បាលជាច្រើនកន្លែងដង្ហើមចង្រិតនៅនឹងកន្លែង និងបក្សពួក ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយឡែកក្រុមក្មេងជាជនបង្កដែលជិះម៉ូតូ ៣គ្រឿងមានគ្នា ៩នាក់ក្រោយពេលកើតហេតុបានគេចខ្លួនបាត់ជាបន្តបន្ទាប់ជាមួយគ្នាដែរ។

ប្រភពខាងលើបានប្រាប់សមត្ថកិច្ចបញ្ជាក់បន្តទៀតថា÷ មកទល់ព្រឹកនេះក្រុមក្មេងស្ទាវទាំង ២ក្រុមខាងលើនៅមិនទាន់ស្គាល់អត្តញ្ញាណនៅឡើយ ចំពោះមុខកម្លាំងជំនាញកំពុងតាមដានស៊ើបអង្កេត៕

ដោយ៖ ស សារ៉េត


ចែករំលែក៖