ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំបាទពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវសេចក្តីអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តគោរពជូន សម្តេចតេជោ ដែលត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំដំបូង សម្រាប់នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
ការទទួលបាននូវការបោះឆ្នោតគាំទ្រនេះ គឺជាសក្ខីភាពនៃសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលបានឆ្លុះបញ្ចាំង យ៉ាងប្រត្យក្សនូវទេពកោសល្យដ៏ប៉ិនប្រសព្វ និងសមត្ថភាពការងារដ៏ឧត្តុង្គឧត្តម នាពេលកន្លងមករបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតី និងការលះបង់ យ៉ាងធំធេងក្នុងមហាបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេស បានយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំប្រជាជាតិកម្ពុជា ស្តារ និងកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលបំផុតនេះ ខ្ញុំបាទសូមគោរពឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក គុណព្រះរតនៈត្រ័យកែវទាំងបី ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាតាមជួយ បីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការមហាពរជ័យជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ បំផុតពីខ្ញុំបាទ៕
ដោយ ៖ សិលា