ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ណែនាំរដ្ឋបាលខេត្តស្វាយរៀង ស្តារបឹងបាធូ ស្រុកចន្ទ្រា ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីស្តុកទឹកទុកប្រើប្រាស់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ណែនាំរដ្ឋបាលខេត្តស្វាយរៀង ស្តារបឹងបាធូ ស្រុកចន្ទ្រា ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីស្តុកទឹកទុកប្រើប្រាស់។

ការលើកឡើងនាឱកាសចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្ត និងអាងទឹកក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បាន ណែនាំរដ្ឋបាលខេត្តស្វាយរៀង ស្តារអាងទឹកបាធូ ស្ថិតក្នុងស្រុកចន្ទ្រា និងអនុវត្តការស្តារទៅតាមលក្ខណៈបច្ចេកទេស ដែលចេញដោយក្រសួងធនធានទឹក និងឧតុនិយម និងត្រូវមានរបាយការណ៍ពីវឌ្ឍនភាពផងដែរ។

ក្នុងដំណើរបេសកកម្មរបស់មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ចុះមកខេត្តស្វាយរៀងនេះ កាលពីពេលថ្មីៗនេះ ក៏មានការចូលរួមអមដំណើរដោយលោក សរ សុដានី អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុករំដួល អភិបាលស្រុករមាសហែក រួមជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះ លោក សរ សុដានី បានឲ្យដឹងថា ក្រុមការងារបានចុះពិនិត្យ ស្ថានភាពប្រព័ន្ធធារាសាស្រ្ត និងអាងទឹកក្នុងខេត្តស្វាយរៀង រួមមាន៖

១. ពិនិត្យករណីប្រជាពលរដ្ឋអាស្រ័យផល ក្នុងអាងទឹកលិចនុយចំនួន ២៥៤គ្រួសារ បានស្នើសុំប័ណ្ណកម្មសិទ្ធិ ស្ថិតនៅឃុំសង្កែ ឃុំបុសមន និងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានផ្ទៃអាងទំហំ ២៩៧ហិចតា ធ្វើជាកម្មសិទ្ធិលែងទុកជាអាងស្តុកទឹកទៀតហើយ ក្នុងនោះដែរប្រជាពលរដ្ឋបានឯកភាពរក្សាទុកដីព្រែកចកមានប្រវែង ៣,៤៩៥ម៉ែត្រ និងទំនប់ដែលមានប្រវែង ៨,៣៤៩ម៉ែត្រ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

២. ពិនិត្យ ទីតាំងក្រុមហ៊ុនឯកជនជីកដីអាងទឹកធ្លកកំបុត ដោយគ្មានការអនុញ្ញាត មានបំណងលើកទំនប់ព័ទ្ធរំលោភយកដីអាងទឹក ស្ថិតនៅឃុំច្រេស ស្រុកចន្ទ្រា ក្រោយពិនិត្យ និងមានការសម្របសម្រួលពីអាជ្ញាធរដែនដី ក្រុមហ៊ុនឯកជនបានកាយដីលុបវិញហើយ។

ដោយឡែកដីដែលពាក់ព័ន្ធអាងទឹកធ្លកកំបុត ចំនួន៤គ្រួសារ បានចេញប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ ចំនួន០៥ឯកសារ រួមមាន ឈ្មោះ សូ សម្បត្តិ ចំនួន០២ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់)ឈ្មោះ គង់ ចិត្រា ចំនួន ០១ឯកសារ (អំណោយផ្តាច់)ឈ្មោះ គង់ សារិន ចំនួន ០១ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់)ឈ្មោះ សុខ សាខា ចំនួន០១ ឯកសារ (លិខិតបញ្ជាក់ទទួលស្គាល់) សូមជម្រាបថា អាងទឹកធ្លកកំបុត ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងអាងទឹកដូនទយ។

៣. ពិនិត្យស្ថានភាពប្រឡាយមេកីចកលោករដ្ឋលេខាប្រចាំការ បានណែនាំឲ្យប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងអនុប្រធាននាយកដ្ឋានវិស្វកម្ម ពិនិត្យលទ្ធភាពក្នុងការជួសជុលថែទាំឡើងវិញ ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ប្រឡាយមេកីចកនេះមានប្រវែង ៥៣គីឡូម៉ែត្រ ឆ្លងកាត់ចំនួន៣ស្រុក រួមមានស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយទាប ខេត្តស្វាយរៀងផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖