ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអនុប្រធាន ព្រមទាំងសមាជិកព្រឹទ្ធសភាទាំង ៦២អង្គ/នាក់ ចូលធ្វើពិធីសច្ចាប្រណិធាន នៅព្រះបរមរាជវាំង

ចែករំលែក៖

 ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ  សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងអនុប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា សរុប៦២រូប បានអញ្ជើញចូលធ្វើព្រះរាជពិធីសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

សូមជម្រាបថា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រឹទ្ធសភានៃកម្ពុជា បានបើកសម័យប្រជុំលើកដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃកម្ពុជា។ បន្ទាប់មកព្រឹទ្ធសភា ក៏បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរបស់ខ្លួន សម្រាប់នីតិកាលថ្មី។

សម្តេចតេជោ ហ៊ុន សែន ទទួលបានការបោះឆ្នោតគាំទ្រ ជាប្រធានព្រឹទ្ធសភា, លោក ប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ នៃព្រឹទ្ធសភា ជាមួយនឹងសំឡេងគាំទ្រ ៦២/៦២រូប។ 

សូមបញ្ជាក់ថា ៖ សម្តេចតេជោ បានតស៊ូពុះពារលះបង់ដ៏ធំធេង ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លាមោះមុតបំផុត រហូតដល់ ហ៊ានប្រថុយជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ នាំមកជូនប្រទេសជាតិ និងប្រជាជននូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា។ ក្នុងការដឹកនាំប្រទេសជាតិដ៏ប៉ិនប្រសប់និងឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតនិងបញ្ញាញាណដ៏ភ្លឺស្វាងរបស់ សម្តេចតេជោ ក្នុងរយៈពេលជាងបួនទសវត្សរ៍មកនេះ ប្រទេសកម្ពុជាត្រូវបានស្ដារ កសាង និងអភិវឌ្ឍពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពឥតឈប់ឈរលើគ្រប់វិស័យ គួរឱ្យគោរព កោតស្ញប់ស្ញែង ហើយបាននិងកំពុងដើរតួនាទីដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖