ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី៖ អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤

ចែករំលែក៖

ភ្នំពេញ៖ ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់​ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដែលបង្កឡើងដោយគ្រាប់មីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម​ មកលើប្រជាពលរដ្ឋស្លូតត្រង់នៅទូទាំងពិភពលោក ។ 

ក្នុងឱកាសដ៏មានអត្ថន័យនេះ យើងសូមរំលឹក នឹកដល់វីរៈជន និងស្ថាប័នពាក់ព័ន្ធទាំងឡាយ ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពក្លាហាន និងការលះបង់ក្នុងសកម្មភាពមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនានា ដើម្បីធានាបាននូវសុខសុវត្ថិភាព និងវិបុលភាពរបស់មនុស្សទូទាំងពិភពលោក ។

គ្រាប់មីនបានបង្កការគម្រាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបង្កការឈឺចាប់ និងការបាត់បង់អាយុជីវិតរាប់មិនអស់ ហេតុនេះហើយ ការបោសសម្អាតមីន មិនត្រឹមតែកាត់បន្ថយគ្រោះថ្នាក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើដល់ការអភិវឌ្ឍ ។

ក្នុងឱកាសនៃការប្រារព្វទិវាអន្តរជាតិនេះ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ជម្នះបញ្ហាប្រឈមដែលបង្កឡើងដោយគ្រាប់មីន និងប្រែក្លាយចក្ខុវិស័យរបស់យើងឱ្យក្លាយជាការពិត ដើម្បីធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមិនមានការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

ក្នុងនាមកម្ពុជា​ជា​ប្រធានអនុសញ្ញាហាមការប្រេីប្រាស់​គ្រាប់មីនប្រឆាំងមនុស្ស​ ឆ្នាំ​២០២៤​(អនុសញ្ញា​អូតាវ៉ា​)​ ខ្ញុំសូមស្នើដល់សហគមន៍​អន្តរជាតិ​ និង​ពិភព​លោក​ទាំង​មូល​ បន្ត​រួម​គ្នា ​ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភព​លោក ៕

ដោយ៖ សូរិយា


ចែករំលែក៖