ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តលឿនជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវបណ្តាលឱ្យបុរសម្នាក់ស្លាប់នឹង២នាក់ទៀតរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក ALPHARD ក្នុងល្បឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េ បើកបត់ឆ្លងផ្លូវពេញទំហឹងប៉ើងមនុស្សធ្លាក់ពីរថយន្ត បណ្តាលឲ្យបុរសម្នាក់ជាមន្រ្តីយោធាបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសរួមដំណើរ២នាក់ទៀត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១:៣០នាទីយប់ថ្ងៃទី៣ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះម៉ុម សុវណ្ណដា អាយុ ៣០ឆ្នាំ ជាមន្រ្ដីយោធាបំរើការនៅអង្គភាព៩១១ រស់នៅសង្កាត់កន្ទោក ខណ្ឌកំបូល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េ ពណ៌ខៀវពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3960 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរចេញពីផ្លូវបេតុងច្រកក្លោងទ្វារវត្តជង្លុងម្លូរ ក្នុងទិសដៅពីកើតមកលិច រួចក៏បានបត់ឆ្វេងឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៣ ខណៈបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក ALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AS-8858 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តកូរ៉េចំពីមុខចំហៀងទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យបុរស៣នាក់ នៅក្នុងរថយន្តកូរ៉េបានប៉ើងធ្លាក់ចេញពីក្នុងរថយន្តរងរបួសស្រាល២នាក់ និងម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកបើករថយន្តALPHART ជាជនជាតិចិនត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖