ខេត្តស្វាយរៀង៖ លោក បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោក អភិបាលខេត្តស្វាយរៀង ជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូទាំងអស់ និងមន្ទីរសុខាភិបាល សូមខិតខំប្រឹងប្រែងសហការគ្នាជម្រុញការងារការថែទាំសុខភាពបឋមនេះឲ្យ កាន់តែប្រសើរឡើងដើម្បីកែប្រែមុខមាត់ក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា។
ការជម្រុញបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤ ក្នុងកម្មវិធី សិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្ត ការជំរុញបង្កើនការថែទាំសុខភាពបឋម នៅសាលប្រជុំសាលាខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់លោក នាយករដ្ឋបាល សាលាខេត្ត លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកលោកស្រី អភិបាលរងក្រុងស្រុក សមាជិកក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជាសមាជិកជំរុញបង្កើនការថែទាំសុខភាព លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តជាច្រលននាក់ផងដែរ។
ក្នុងឱកាសនោះ លោក បណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំនិងក្រុមការងារជំនាញ មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាល់ថ្នាក់ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ចំណេះដឹង និងឆន្ទៈ ចូលរួមចំណែកយ៉ាងសកម្ម ខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ និងសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរអោយកត់សម្គាល់ ទាំងការចូលរួមបំពេញបេសកកម្មការងារសង្គ្រោះ និងព្យបាល ការងារសង្គម និងមនុស្សធម៌ផ្សេងៗ នៅក្នុងខេត្តស្វាយរៀង។
ចំពោះសមិទ្ធផលដែលខេត្តស្វាយរៀងទទួលបានទាំងការបម្រើសេវាសុខភាព ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្ត ស្វាយរៀង ។
លោកបណ្ឌិត បន្តថា សិក្ខាសាលាតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាធាតុចូលមួយក្នុងការបញ្ឆោត សកម្មភាពការផ្តល់សេវាថែទាំសុខភាពបឋម ចូលក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ/សង្កាត់ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកបណ្ឌិត បន្ថែមថា ដើម្បីអនុវត្តការងារនេះមានប្រសិទ្ធភាព សូមផ្តល់ជាអនុសាសន៍ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹង គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈ បន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាព៕
ដោយ៖ សុថាន