ព័ត៌មានទាន់ហេតុការណ៍៖

ការពង្រឹងសមត្ថភាពមន្ត្រីរាជការ គឺជាយន្តការដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ជាអាទិភាពសម្រាប់ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទីបី នៃដំណើរបេសកកម្មតាមបណ្តាខេត្ត ត្រូវជាថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់នាពេលខាងមុខ។ ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឈឹម កាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តមណ្ឌលគិរីផងដែរ។

មានប្រសាសន៍ក្នុងពីធីសំណេះសំណាល  លោករដ្ឋមន្ត្រី បានលើកយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មកជម្រាបដល់អង្គពិធី ដែលមានខ្លឹមសារថា “ក្នុងឆ្នាំ២០២៤ ជាឆ្នាំនៃការពង្រឹងអ្វី ដែលយើងបាន ឬកំពុងអនុវត្ត ជាជាងពង្រីកអ្វីដែលថ្មី ដូច្នេះសូមគិតគូរដល់គម្រោងដែល កំពុងដំណើរការ និងបញ្ហាប្រឈមនានាដែលកំពុងតែកើតមាន ហើយពង្រឹង និងដោះស្រាយ”។ ក្នុងន័យនេះ មិនមានន័យថាហាមធ្វើអ្វីដែលថ្មីទេ បើគម្រោង ឬកិច្ចការនោះជាអាទិភាព នៅតែត្រូវគិតគូរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។ ជារួម ក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែកទន់ និងផ្នែករឹង និងមូលធនមនុស្ស ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។

លោករដ្ឋមន្ត្រី ក្នុងនាមក្រសួង ក៏បាននាំយកនូវសម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖