ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានចារកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលរងគ្រោះ សរុបចំនួន៧២នាក់ បាននាំគ្នាស្រាវជ្រាវតាមចាប់ឃាត់ខ្លួនមេតុងទីនប្រុសស្រីចំនួនពីរនាក់ ក្រោយធ្វេីសកម្មភាពឆបោកលុយកូនតុងទីនជាង២លានដុល្លារអាមេរិក ហេីយព្យាយាមរត់គេចខ្លួនមករាជធានីភ្នំពេញ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់) រួមមាន៖
+នៅស្រុកចំការលើ ចំនួន ៦២នាក់
+ស្រុកស្ទឹងត្រង់ ចំនួន០១នាក់
+ក្រុងកំពង់ចាម ចំនួន០១នាក់
+ស្រុកកំពង់សៀម ចំនួន០២នាក់
+ក្រុងភ្នំពេញ ចំនួន០៤នាក់
+ខេត្ដព្រៃវែង ចំនួន០២នាក់
ប្រភពដដែលបន្តថា ក្រោយក្រុមជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យ ជាមេតុងទីន ទី១.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ និងទី២.ឈ្មោះណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ មេតុងទីន មានស្រុកកំណើត នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ចំនួនទឹកប្រាក់ ៤,៤៨០,៣៣៨,០០០រៀល (បួនពាន់បួនរយប៉ែតសិបលាន បីរយសាមសិបប្រាំបីពាន់រៀល) និងប្រាក់ដុល្លា២,៤៧៨,៨៧៩ដុល្លារ (ពីរលានបួនរយចិតប្រាំបីពាន់ ប្រាំបីរយចិតសិបប្រាំបួនដុល្លារ) ដោយក្នុងម្នាក់ៗ លេងចាប់ពី១ក្បាល ទៅ២០០ក្បាល ហើយក្នុង១ក្បាលៗ ចំនួនទឹកប្រាក់ចាប់ពី ២០ទៅ៣០ដុល្លារ (រយៈពេល៤៨ថ្ងៃដាច់) ហើយបុគ្គលនេះ រកស៊ីធ្វើមេតុងទីន០៥ឆ្នាំកន្លងមកហើយ ជាលក្ខណៈតិចតួច រហូតដល់ខែមករា ឆ្នាំ២០២៤ ទើបចាប់ផ្ដើមរៀបផែនការឆបោកតែម្តង។
សូមជម្រាបថា រូបភាពនៃការឆបោករបស់ជនសង្ស័យ គឺបានបង្កើតក្រុមតុងទីនច្រើនក្រុម អូសទាញអ្នកភូមិ អ្នកស្គាល់គ្នា និងអ្នកផ្សេងៗ ឱ្យចូលលេងជាមួយ ដែលសមាជិកក្នុងមួយក្រុមៗ ពី១,០០០នាក់ ទៅ ៥,០០០នាក់។ និងបង្កើតសមាជិកក្លែងក្លាយ ចន្លោះពី១០០ ទៅ៥០០នាក់ ក្នុងក្រុមនីមួយៗ ហើយដេញយកបន្តបន្ទាប់គ្នា ដោយដាក់ការប្រាក់ខ្ពស់ (០១ក្បាល ២០$ ការប្រាក់ ០៣$ ទៅ ៤$)
-ការប្រមូលប្រាក់ បង់ដោយផ្ទាល់ ឬផ្ទេរតាម ធនាគារ (ABA ឬ wing)
-ទ្រព្យសម្បត្តិ ដែលមានបានផ្ទេរកម្មសិទ្ធ និងដាក់ឈ្មោះសាច់ញាតិជាម្ចាស់។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនបុគ្គល០២នាក់នេះ នៅខុនដូរមួយកន្លែងមានយីហោ “Lបឹងទំពុន” កាលពីវេលាម៉ោង១៣:៤០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងបឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បញ្ជូនមកបញ្ជាការដ្ឋានខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ វណ្ណៈ