ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចំនួន ០៣រូប លោក ធុច បញ្ចសន្តិភាព លោក ពេញ ពិសិដ្ឋ លោក ឡុច សុខលៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលនាំយកនូវសម្ភារៈបំពាក់ (ឈុតអាវការពារគ្រាប់) ចំនួន ៣០ឈុត ជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីយកមកប្រគល់ជូនបញ្ជាការដ្ឋានរាជអាវុធហត្ថខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់លើការងារជំនាញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្រ្តទូទាំងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសូមជូនពរដល់ឯកឧត្តម ព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឈានជិតមកដល់នាពេលខាងមុខ សូមឱ្យមានសុខភាពល្អមាំមួន ប្រាជ្ញាញាណភ្លឺថ្លាជាដរាប ជួបតែសេចក្តីសុខចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងសមប្រកបតែពុទ្ធពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា