ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី “ការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ” សម្រេច ៖ 

មាត្រា១…ដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

មន្ទីរជំនាញរាជធានី ខេត្តរបស់គ្រប់ក្រសួង

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃក្រសួងមហាផ្ទៃតំបន់ប្រតិបត្តិការសឹករងខេត្ត នៃក្រសួងការពារជាតិកងរាជអាវុធហត្ថរាជធានី ខេត្ត នៃក្រសួងការពារជាតិ។

របៀបរបបនិងបែបបទនីតិវិធីនៃដំណើរការការងាររបស់អង្គភាពថ្នាក់ក្រោមជាតិខាងលើ ត្រូវបន្តអនុវត្តអនុលោម តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា២…ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពថ្នាក់ក្រោមជាតិ ដែលមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវកំណត់ដោយ អនុក្រឹត្យ។

នាយករដ្ឋមន្ត្រីតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពល ខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ ដែលកាន់មុខតំណែងដឹកនាំអង្គភាពថ្នាក់ក្រោមជាតិ ដូចមានចែងក្នុងមាត្រា១ ខាងលើ។

រដ្ឋមន្ត្រីមានសិទ្ធិលើកសំណើតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមឱវាទសម្រាប់មុខតំណែងក្នុង វាក្យខណ្ឌទី២ នៃមាត្រា២ ខាងលើ តាមបែបបទនីតិវិធីជាធរមាន។

អភិបាលរាជធានី ខេត្ត ដោយមានការឯកភាពពីគណៈអភិបាលរបស់ខ្លួន ត្រូវលើកសំណើតែងតាំងនិងបញ្ចប់មុខ តំណែងប្រធានមន្ទីរ មករដ្ឋមន្ត្រីសាមី ដើម្បីពិនិត្យសម្រេចក្នុងការលើកសំណើជូននាយករដ្ឋមន្ត្រី។ ការតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់មុខតំណែងមន្ត្រីផ្សេងទៀតនៅក្នុងមន្ទីរ ត្រូវអនុវត្តអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៣…លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពថ្នាក់ក្រោមជាតិ និងការតែង តាំងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិ ត្រូវបន្តមានសុពលភាពរហូតដល់ មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

ក្រសួងពាក់ព័ន្ធត្រូវចាត់ចែងរៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីដើម្បីអនុវត្តស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះឱ្យបាន រួចរាល់ក្នុងរយៈពេលយ៉ាងយូរ ៦ (ប្រាំមួយ) ខែបន្ទាប់ពីការចូលជាធរមាននៃអនុក្រឹត្យនេះ។

មាត្រា៤…បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៥…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី ក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវ ទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖